រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅឆ្លងឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតប្រចាំទ្វីបអាស៊ី

ទីភ្នាក់ងារទេសចរណ៍ Agoda ប្រកាសថា រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅឆ្លងឆ្នាំសកលដែលមានតម្លៃសមរម្យបំផុតប្រចាំទ្វីបអាស៊ី ។
ទីភ្នាក់ងារទេសចរណ៍ឌីជីថលឈានមុខគេបានឱ្យចំណាត់ថ្នាក់រាជធានីភ្នំពេញដ៏រស់រវើករបស់កម្ពុជា គឺជាគោលដៅឈានមុខគេប្រចាំទ្វីបនៅអាស៊ី ដែលភ្ញៀវទេសចរបរទេសចំណាយថវិកាដ៏សមរម្យបំផុតទៅលើថ្លៃស្នាក់នៅ ក្នុងឱកាសដែលពួកគេធ្វើដំណើកម្សាន្តពិធីឆ្នាំសកលនាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន travelandtourworld កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
បន្ថែមលើនេះ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន travelandtourworld ក៏បានចុះផ្សាយអត្ថបទថ្មីមួយទៀតក្រោមចំណងជើងថា «រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានលំហូរចូលភ្ញៀវទេសចរយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យចូលឆ្នាំសកល»។
ផ្អែកលើទិន្នន័យដែលប្រមូលបានពីការកក់បន្ទប់សណ្ឋាគារតាមរយៈគេហទំព័រ និងអេប របស់ Agoda បង្ហាញថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តម្លៃបន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញជាមធ្យមមិនលើសពី៦៧ដុល្លារអាមេរិកទេ ដែលតម្លៃនេះធ្វើឱ្យទីក្រុងភ្នំពេញ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការប្រារព្ធពិធីចូលឆ្នាំសកលដែលមានតម្លៃសមរម្យ ប៉ុន្តែមិនអាចបំភ្លេចបាន។
តម្លៃជាមធ្យមក្រោម៦៧ដុល្លារ ធ្វើឱ្យបន្ទប់ស្នាក់នៅរាជធានីភ្នំពេញ ទាបជាងទីក្រុងហាណូយ ប្រទេសវៀតណាម ៧៩ដុល្លារ និងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងអត្រាស្នាក់នៅជាមធ្យម ៩២ដុល្លារ។
ប្រភពដដែលបន្តថា រាជធានីភ្នំពេញជាទីក្រុងដែលល្បីល្បាញដោយសារមរតកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប បានផ្តល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដ៏រស់រវើក ជាមួយនឹងពិធីជប់លៀងតាមដងផ្លូវ តន្ត្រី និងការបាញ់កាំជ្រួចដ៏អស្ចារ្យនៅតាមមាត់ទន្លេ។ ទីតាំងសំខាន់ៗរបស់ទីក្រុង ជាពិសេស ព្រះបរមរាជវាំង បានផ្តល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យសម្រាប់អ្នកធ្វើដំណើរ ដែលផ្តល់ជូននូវបទពិសោធន៍នៃការប្រារព្ធពិធីឆ្លងឆ្នាំដ៏ពិសេសអស្ចារ្យ ដោយមិនចាំបាច់ចំណាយថវិកាខ្ពស់ដូចទីក្រុងដទៃ។
ក្រៅពីតម្លៃស្នាក់នៅសមរម្យបំផុត សារព័ត៌មាន travelandtourworld ក៏បានកត់សម្គាល់ពីលំហូរនៃភ្ញៀវទេសចរណ៍មកកម្សាន្តនាឱកាសឆ្លងឆ្នាំក្នុងរាជធានីម្ពុជា ដោយចាត់ទុកថា ជាកើនឡើងមិនធម្មតាដោយបានកំណត់នូវស្តង់ដារថ្មីមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា ដោយក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ទីក្រុងបានទទួលភ្ញៀវទេសចរណ៍ចំនួន 1,573,479 នាក់។
មូលហេតុចម្បងដែលនាំឱ្យទីក្រុងភ្នំពេញទាក់ទាញភ្ញៀវទេសចររហូតឈានទៅបំបែកកំណត់ត្រា គឺដោយសារព្រឹត្តិការណ៍សាទរកម្ពុជា” ដែលសបង្ហាញឱ្យឃើញនូវបេតិកភណ្ឌដ៏សម្បូរបែប និងរស់រវើក ផ្តល់នូវភាពរីករាយ រំភើប ស្នាមញញឹម ជាមួយនឹងផ្ទាំងទស្សនីយភាពនៃការសម្តែងសិល្ប:បុរាណ សម័យ ពីសំណាក់សិល្បករសិល្បការីនីរាប់ពាន់នាក់ ក្បួនព្យុហយាត្រាដ៏ទាក់ទាញ ការតាំងបង្ហាញស្នាដៃវប្បធម៌ ប្រជាប្រិយ ចំណីអាហារ រួមទាំងការបាញ់កាំជ្រួចរាប់ថយក្រោយ ដ៏ទំនើបនិងស្រស់ស្អាត។
តាមរយៈភាពជោគជ័យនៃព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះ កម្ពុជានឹងបន្តអនុវត្តយុទ្ធសាស្ត្រប្រកបដោយមហិច្ឆិតា ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាពក្នុងឧស្សាហកម្មទេសចរណ៍របស់ខ្លួន និងជាការគូសបញ្ជាក់ជំហរវិវត្តន៍របស់កម្ពុជា ដើម្បីក្លាយខ្លួនជាគោលដៅទេសចរណ៍ប្រកបដោយថាមពល ទំនើប ទាក់ទាញ និងត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោក ដោយកំណត់ដំណាក់កាលសម្រាប់អនាគតដ៏រុងរឿង៕

អត្ថបទដែលជាប់ទាក់ទង