បង្ក្រាបបាន ម៉ាសុីនរៃជ្រៀកឈើ០១គ្រឿង ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅលោក ចាន់ណា បម្រុងដឹកជម្លៀសរត់ ជំនាញស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគីប ចំណែកឯលោក ចាន់ណា ដែលជាម្ចាស់ទីតាំង រត់គេចខ្លួនបាត់
ខេត្តសៀមរាម ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចង្អុរបង្ហាញពីឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប បានឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយជំនាញប៉ូលីសសេដ្ឋកិច្ច ចុះធ្វើការត្រួតពិនិត្យទីតាំងស្តុកឈើចំនួន ០២កន្លែង ៖
១- ស្ថិតលើផ្លូវសាមេត ភូមិខ្នារថ្មី សង្កាត់ជ្រាវ ២- ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលម្ចាស់ទីតាំងខាងលើមានឈ្មោះ ចាន់ណា។
ជាក់ស្តែងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោយពេលបានទទួលបទបញ្ជារពីឯកឧត្តមអភិបាលខេត្តសៀមរាប ជំនាញរដ្ឋបាលព្រៃឈើ (សង្កាត់+ផ្នែក)ហាក់មានភាពខ្ជីខ្ជាពេលវេលាដូចខ្យងកើតកូន មកមួយបាត់មួយ ដូចជាមិនសូវស្រួលពោះទាល់តែសោះ ហើយក៏បានសហការជាមួយកម្លាំងជំនាញប៉ូលិសសេដ្ឋកិច្ច បានចុះធ្វើការត្រួតពិនិត្យនិងបង្ក្រាបបាន ម៉ាសុីនរៃជ្រៀកឈើ០១គ្រឿង ស្ថិតនៅចំណុចផ្លូវក្រវ៉ាត់ក្រុង ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ដែលកូនចៅលោក ចាន់ណា បម្រុងដឹកជម្លៀសរត់ តែត្រូវបានជំនាញស្ទាក់ជាប់នៅមុខឃ្លាំង និងឈើជាច្រើនម៉ែត្រគីប ។ រាល់វត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯលោក ចាន់ណា ដែលជាម្ចាស់ទីតាំងខាងលើរត់គេចខ្លួនបាត់។
គួររំលឹកផងដែរថា បើយោងតាមការលើកឡើងពីមជ្ឈដ្ឋានប្រជាពលរដ្ឋបានឲ្យដឹងថា លោក ចាន់ ណា រូបនេះគឺជាឈ្មួញឈើជើងខ្លាំងប្រចាំខេត្តសៀមរាប ដោយឈើដែលក្រុមឈ្មួញនេះបានដឹកជញ្ជូនចេញពី ចំណុចអូរជុញ ក្បាលដំរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារមក ដោយធ្វើការដឹកជញ្ជូនជាលក្ខណៈទ្រុងទ្រាយធំ សុទ្ធតែឡានវ៉េអ័ងកែឆ្នៃ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺដឹកដោយឡានបែនដឹកដីកង់ដប់ ឆ្លងកាត់តាមស្រយ៉ង់កោះកេរ្តិ៍ ស្វាយលើ រួចយកមកទុកនៅក្នុងឃ្លាំងរៃជ្រៀកឈើនៅចំណុចទីតាំងខាងលើ រួចបន្តដឹកជញ្ជូនចែកចាយតាមដេប៉ូនានាក្នុងខេត្តសៀមរាប។
ប្រភពដដែលបានបន្តថាសកម្មភាពការដឹកជញ្ជូនឈើរបស់ លោក ចាន់ ណា រូបនេះបានប្រព្រឹត្តជាយូរឆ្នាំមកហើយ និយាយរួមគឺដុះស្លែរ ដុះស្នឹម ពុំដែលឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធម្តងណាឡើយ ប៉ុន្តែមិនដឹងថាលោក ចាន់ ណា ដែលជាឈ្មួញឈើដ៏ល្បីឈ្មោះរូបនេះត្រូវបានអស់ល័ក្ខក្រោយពេល លោក តាន់ គីម សួរ បានរាយការណ៍ទៅឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលខេត្តសៀមរាប ស្រាប់តែមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបយ៉ាងសស្រាក់សស្រាំ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានកោតសរសើរដល់ឆន្ទ:មន្ត្រីជំនាញពាក់ព័ន្ធ និងលោក តាន់ គីមសួរ ដែលបានយកចិត្តទុកដាក់ក្នុងរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិ ដែលជារបស់រដ្ឋ និងបង្ក្រាបទប់ស្កាត់រាល់ក្រុមឈ្មួញដែលកំពុងតែបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជាតិ របស់រដ្ឋ ៕