អាជ្ញាធរនិងដៃគូឯកជនពិនិត្យសម្រួលឱ្យ«អតិថិជន»ខ្ចីម្ចាស់បុរីផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារដើម្បីការប្រាក់ទាប
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង វិស័យអចលនទ្រព្យ និង តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី ៣ មករា បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យ អតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។
ជាកិច្ចប្រជុំដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានវត្តមានអញ្ជើញចូលរួម លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និង ដៃគូរឯកជនជាច្រើនទៀត។
លោកស្រី ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កិច្ចប្រជុំនេះ គឺ ក្នុងន័យនេះ ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឲ្យធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន។ កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជនឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ៕