សេចក្ដីប្រកាសព័ត៌មាន អំពីចំណាត់ការករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុងលើកូនស្រី នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ថ្មីៗនេះ មានការចែកចាយព័ត៌មាននៅលើបណ្តាញសង្គម អំពីករណីអំពើរំលោភសេពសន្ថវៈរបស់ឪពុកចុងទៅលើ កូនស្រីដែលជាអនីតិជន រហូតមានផ្ទៃពោះ (កូនក្នុងផ្ទៃ ៦ខែ) រស់នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានភ្ជាប់នឹងសំណូមពរដល់ថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ទៅដល់ជន រងគ្រោះផងដែរ។
ចំពោះករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបដូចខាងក្រោម ៖
១- ជនល្មើសដែលជាឪពុកចុងរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាមរួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
២- ចំពោះក្មេងស្រី ដែលជាជនរងគ្រោះ គឺ រដ្ឋបាលខេត្តកំពង់ចាម កំពុងសហការជាមួយ នឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីផ្តល់នូវការគាំពារផ្សេងៗ។ រដ្ឋបាលខេត្ត ក៏បានចាត់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានជួបផ្ទាល់ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នេះ ផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សាធារណៈជន ដែលបានសម្តែងនូវការ ខ្វាយខ្វល់ យកចិត្តទុកដាក់ដល់សុខទុក្ខរបស់ផងរងគ្រោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្នើឲ្យបញ្ឈប់ ការចែកចាយព័ត៌មាននេះ ដើម្បីចូលរួមគាំពារដល់កិត្តិយសជនរងគ្រោះ និងក្រុមគ្រួសារ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង