មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព នៅកងវរសេនាតូចលេខ១
(កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីនៃក្រុមការងារប្រឡង ប្រណាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើនផលចិញ្ចឹមសត្វ លើក កម្ពស់ជីវភាពរស់នៅរបស់កងទ័ព បន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ នៅទីបញ្ជាការកងវរសេនា តូចលេខ១ នៅភូមិតាឡែក ឃុំសាលា វិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ បានរាយការណ៍បញ្ជាក់ថា ក្នុងការអនុវត្តចលនាប្រឡងប្រណាំង អង្គភាពកងវរសេនាតូចលេខ១ បានចិញ្ចឹមគោចំនួន៣៥ក្បាល ត្រីចំនួនប្រមាណជាង៥ពាន់ក្បាល មាន់ទា ជាង២០០ ក្បាល និងបន្លែបង្ការមួយចំនួន សម្រាប់ផ្ដល់ជូនផ្ទះបាយ ក្នុងការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព បន្ថែមលើគោលរបប ដែលក្រសួងការពារជាតិបានកំណត់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះមេបញ្ជាការកងវរសេនាតូចលេខ១ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលក្រៅពីការងារស្នូល ការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងការកសាងអង្គភាពរឹងមាំ អង្គភាពកងវរសេនាតូចលេខ១ ក៏បានចូលរួមក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបានខិតខំយកចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផលចិញ្ចឹមសត្វ បង្កើនជីវភាពរស់នៅដល់កងទ័ព ដែលត្រូវហូបបាយនៅក្នុងផ្ទះបាយរួម និងបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ព ដែលរស់នៅក្នុងទីតាំងបន្ទាយ ជាមួយស្វាមីទៀតផង ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមថា ដោយសារតំបន់នេះនៅក្នុងរដូវប្រាំងមានការខ្វះខាតទឹក ដូច្នេះចំពោះមុខយើងអាចដាំដំណាំរួមផ្សំមួយចំនួនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយត្រូវថែទាំឲ្យបានល្អ នឹងត្រូវត្រៀមផ្គត់ផ្គង់ទឹកសម្រាប់កងទ័ព និងគ្រួសារកងទ័ពសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ និងបានណែនាំដល់យោធិន ព្រមទាំងក្រុមគ្រួសារយោធិនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ការពារជៀសវាងជំងឺដង្កាត់ផ្សេងៗ ដោយត្រូវអនុវត្តន៍ឲ្យបានល្អតាមការណែនាំរបស់ភ្នាក់ងារសុខាភិបាល៕