ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ខាងក្រោមជាខ្លឹមសារសំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនជានិមិត្តរូបនៃការផ្លាស់ប្តូរ ពោលគឺប្តូរពីការលំបាក មកភាពងាយស្រួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចចាកចេញពីតំណែង មានក្តីកង្វល់មួយចំនួនបានកើតឡើង ពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាង១៦ខែកន្លងមកនេះ គេអាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់អ្នកបន្តវេន មានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មិនគួរប្រើទៀតទេ គួរប្រើថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាស់មួយចំនួននាំក្មេងវង្វេងផ្លូវ ជាក់ស្តែងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ចាស់បាននាំក្មេងវង្វេងផ្លូវ៕