ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប
នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមបើកសិក្ខាសាលស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល (គ.វ.រ) ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាអនុសាសន៍ថ្មីៗបន្ថែម សម្រាប់ការតម្រង់ទិសការងារកំណែទម្រង់ឱ្យកាន់តែមានភាពល្អប្រសើរ និងសុក្រឹតភាព ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ នៅក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធស្ថាប័ន ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានកំណត់យកនូវមូលដ្ឋានមួយចំនួន ដើម្បីសំយោគបានជាធាតុចូល និងជាពុទ្ធិបន្ថែមនៅក្នុងការពិនិត្យកែសម្រួល មុខងារ និងរចនាសម្ព័ន្ធឱ្យបានកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទនៃការវិវត្តរបស់សង្គម និងធម្មជាតិ។ មូលដ្ឋានទាំងនោះមានដូចជា ១)បទពិសោធន៍នៃការអនុវត្តលើវិស័យនេះកន្លងមក ២)គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាតិលើវិស័យធនធានទឹក និងឧតុនិយម ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ៣)ការវិវត្តសេដ្ឋកិច្ច-សង្គម និងធនធានធម្មជាតិ ៤)ការវិវត្តរបស់វិស័យចំពោះការប្រើប្រាស់ និងភាពជឿនលឿននៃបច្ចេកវិទ្យា និង ៥)បទពិសោធន៍អន្តរជាតិ និងនិន្នាការសកលចំពោះវិស័យធនធានទឹក និងឧតុនិយមជាដើម៕