មហាជនងឿងឆ្ងល់លើលិខិតបំភ្លឺព័ត៌មានលាងខ្លួន លោកអភិបាលស្រុកអង្គរបូរី

ខេត្តតាកែវ ៖ ក្រោយបែកធ្លាយលោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ខេត្តតាកែវ រើសអើងអ្នកកាសែតរឿងសុំលុយបាយទឹក ប្រេងសាំងក្នុងកម្មវិធីមួយនៅសាលាស្រុករបស់លោក កាលពីប៉ុន្មានថ្ងៃមុន រហូតផ្ទុះទៅជារឿងវែកញែករកខុសរកត្រូវនោះ ពេលនេះស្រាប់តែមានលិខិមួយច្បាប់ចេញមកស្រាយបំភ្លឺលាងខ្លួនលោកអភិបាលស្រុក។

តាមលិខិតបំភ្លឺដែលចេញដោយ ក្រុមព័ត៌មានក្រុមសារព័ត៌មានបណ្តាញសង្គមនៃរដ្ឋបាលស្រុកអង្គរបូរី បញ្ជាក់ថា លោក រស់ ប៊ុនធឿន មិនមានការប្រកាន់ខឹង រើសអើង ឬមានបំណងប្តឹងអ្នកសារព័ត៌មាន រូបណានោះទេ។ មិនតែប៉ុណ្ណោះព័ត៌មានបណ្តាញសង្គម នៃរដ្ឋបាលស្រុកអង្គរបូរី បានធ្វើការបដិសេធរាល់ការបង្ហោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក រស់ ប៊ុនធឿន ទៀតផង។ យោងតាមសេចក្តីបំភ្លឺនេះ ហាក់មានភាពស្រពិចស្រពិលដល់មហាជន ព្រោះមិនដឹងថា ជាលិខិតបំភ្លឺតាមផ្លូវការ របស់រដ្ឋបាលសាលាស្រុកឬ ក៏ក្រុមអ្នកសារព័ត៌មានជាអ្នកសរសេរបំភ្លឺជួសរដ្ឋបាលស្រុក ឬមួយក៏រដ្ឋបាលសាលាស្រុកមានបង្កើតក្រុមព័ត៌មានបណ្តាញសង្គមរដ្ឋបាលស្រុកខ្លួនឯងផ្ទាល់?

សូមបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលកន្លងមក ល្បីល្បាញខាងស្លៀកពាក់សង្ហាជាងគេក្នុងកម្មវិធីប្រជុំនានានៅសាលាខេត្តតាកែវ ពេលនេះ លោកដូចជាតឹងចិត្តឆ្អិតទ្រូងទ្រាំលែងបានទើបនិយាយរិះគន់អ្នកសារព័ត៌មានសុំលុយគាត់ពេលមានកម្មវិធីម្តងៗ។

ដោយឡែកតាមប្រភពពីមន្ត្រីសាលាស្រុកអង្គបូរី សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក រស់ ប៊ុនធឿន មិនសូវសប្បាយចិត្តជាមួយនិងអ្នកកាសែតទេ មិនថាក្របខណ្ឌ័ ឬឯកជនឡើយ ព្រោះអ្នកកាសែតចេះតែផ្សាយហែករឿងមិនល្អរបស់លោក សូម្បីតែលោកយកមន្ត្រីប្រុសស្រីទៅច្រៀងខារ៉ាអូខេសោះ ក៏អ្នកកាសែតផ្សាយលោកឡើងផ្អើលស្រុកដែរ។

ប្រភពពីមន្ត្រីសាលាស្រុកដដែរបានអោយដឹងទៀតថា លោករស់ប៊ុនធឿនបច្ចុប្បន្នធ្វើការមិនចុះសម្រុកជាមួយនិងក្រុមប្រឹក្សាស្រុកអង្គរបុរីនោះទេ ដោយសារលោករស់ប៊ុនធឿន បានអោយក្រុមឈ្មួញកាយដីទួលបុរាណប្រវត្តិសាស្រ្តមួយកន្លែងនៅឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ហើយលោករស់ប៊ុនធឿនក៍ខឹងសម្បា នឹងអាជ្ញាមួយចំនួន ហេតុអីចេះតែចុះបញ្ជីទួលថាជាទួលបុរាណទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង