ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ ក្នុងភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

នៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។
សូមបញ្ជាក់ថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំងគឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ ធ្វើការពង្រឹងច្រាំងផ្នែកខាងលើ បន្ទាប់ពីផ្នែកខាងក្រោមត្រូវបានពង្រឹងរួច៕

អត្ថបទដែលជាប់ទាក់ទង