Spurs យកឈ្នះ Liverpool ១-០ នៅ League Cup គ្រាដែល Bentancur ចូលមន្ទីរពេទ្យ

(ឡុងដ៍)៖ Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវ Liverpool ១ទល់នឹង០ ក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយពានរង្វាន់ League Cup 2024-25 ក្នុងប្រកួតដែល Rodrigo Bentancur ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយរងរបួសក្បាលជាទម្ងន់។
គេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ Bentancur ត្រូវបានសែងចេញពីទីលាន បន្ទាប់ពីលេងទើបបាន ៦នាទីប៉ុណ្ណោះ ដោយសាររងរបួសក្បាលនៅពេលព្យាយាមតែតបាល់ចេញពីជ្រុង។
កីឡាករវ័យ ២៧ឆ្នាំដែលបានចូលលេង ១៨ប្រកួតសម្រាប់ Spurs នារដូវកាលនេះ ក៏ត្រូវក្រុមគ្រូពេទ្យដាក់ខ្យល់អុកស៊ីសែនប្រហែលជា ៩នាទីផងដែរ មុនពេលបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យបន្ថែមទៀត ដ្បិតការប្រកួតនៅរក្សាលទ្ធផលស្មើគ្នា ០-០ ជាបណ្តោះអាសន្ន។
យ៉ាងណាក៏ដោយ ម្ចាស់ផ្ទះ Spurs បានយកឈ្នះក្រុមរួមលីគ ហង្សក្រហម Liverpool ១-០ ដែលជាការធ្វើបានសម្រេចរបស់កីឡាករ Lucas Bergvall ចុងម៉ោង មុនធ្វើដំណើរទៅទឹកដី Anfield សម្រាប់ជើងទី២ វិញនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង