ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)

នៅទីស្តីការក្រសួង នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (PMU-WB) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមកក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក តាំង សុផាត នាយកគម្រោង និងលោក ហ៊ុយ វ៉ាន់ថា ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិក សមាជិកា ទីប្រឹក្សា រួមទាំងមន្ត្រីបង្គោលថ្នាក់ក្រោមជាតិ របស់មន្ទីររាជធានី-ខេត្តគោលដៅចំនួន១៣ ដែលបាននិងកំពុងអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីធ្វើការសំណេះសំណាល ក្តាប់នូវព័ត៌មានទូទៅ រួមជាមួយវឌ្ឍនភាពនៃគម្រោង បញ្ហាប្រឈម ភាពរាំងស្ទះ សំណូមពរ និងស្វែងរកនូវដំណោះស្រាយរួមទៅតាមអាទិភាពជាក់ស្តែង និងភាពចាំបាច់ សម្រាប់ជំរុញពន្លឿនបន្ថែមឱ្យកាន់តែមានភាពល្អប្រសើរ និងស៊ីសង្វាក់លើកិច្ចការងារសំខាន់ៗនានា ជាពិសេសការកំណត់ទិសដៅអនុវត្តបន្តនៃគម្រោង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់បន្ថែមពីគោលដៅចម្បងនៃគម្រោងក្នុងការជួយជំរុញធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃសហគមន៍កសិកម្ម នៃខេត្តគោលដៅចំនួន ១៣រាជធានី-ខេត្ត គឺចាំបាច់តម្រូវឱ្យមានរចនាសម្ព័ន្ធស្រោចស្រព ជាពិសេសពាក់ព័ន្ធនឹងប្រភពទឹក រួមជាមួយនឹងបច្ចេកទេសត្រឹមត្រូវបន្ថែម ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កត្តាទាំងអស់ខាងលើនេះអាចសម្រេចទៅបាន គឺទាមទារជាចាំបាច់នូវការគាំទ្រពីដៃគូអភិវឌ្ឍន៍-ធនាគារពិភពលោក(WB) ទាំងផ្នែករឹង និងផ្នែកទន់ រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនកសិករនៃខេត្តគោលដៅទាំង១៣ ខាងលើ និងខេត្តគោលដៅចំនួន ៥ខេត្តផ្សេងទៀតដែលគ្រោងនឹងពង្រីកបន្ថែម ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំ និងផ្តាំផ្ញើដល់អង្គប្រជុំ ត្រូវតែមានសាមគ្គីភាព សហការល្អ និងរក្សាប្រកាន់ខ្ជាប់វិន័យផ្ទៃក្នុងការងារ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងជាមួយនឹងទំនួលខុសត្រូវបន្ថែមទៀត ក្នុងការពន្លឿនកិច្ចការងារគម្រោងឱ្យសម្រេចបានលទ្ធផលគាប់ប្រសើរប្រកបដោយទិន្នផល និងប្រសិទ្ធផលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង