ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជី មីង ភេទប្រុស អាយុ៣៤ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៩០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលចេញនៅពីថ្ងៃទី៨មករា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មាន ពុំមានបញ្ជាក់ពីទំហំឬទម្ងន់គ្រឿងញៀនដែលជនជាប់ជួញដូរឡើយ។
សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទជាបុរសចំនួន២នាក់ទៀតដែរ រួមមាន ឈ្មោះ ដូ វ៉ាន់យ៉ុង អាយុ៤១ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឈ្មោះ ព្រំ វិន័យ អាយុ៣៧ឆ្នាំ ត្រូវជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងអំពើលួចរត់។ ចំពោះទម្ងន់គ្រឿងញៀនដែលបុរសទាំង២នាក់ជួញដែរ ក៏មិនត្រូវបានបង្ហាញក្នុងសេកច្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យតុលាការដែរ។ បើតាមអ្នកនាំពាក្យដដែល ជនជាប់ចោទខាងលើ បានប្រព្រឹត្តអំពើជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០២២។
សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៤កន្លងមក បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន១០នាក់ឱ្យជាប់ពន្ធនាគារមួយជីវិតពីបទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕