ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ

នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយរដ្ឋបាលស្រុកបាទី មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីបរិមាណទឹក ការគ្រប់គ្រងនិងប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងស្រុកបាទី ខេត្តតាកែវ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីធានានូវការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ និងកុំឱ្យមានការខាតបង់ដោយសារការខ្វះខាតទឹកបញ្ចូលស្រែ និងការប្រើប្រាស់ប្រចាំថ្ងៃ នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ត្រូវជំរុញការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកតាមរយៈ ទី១)ការបង្កើត និង ពង្រឹងការយល់ដឹងដល់សហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជាប់លាប់ និងមានប្រសិទ្ធភាពខ្ពស់ ទី២)ជួយសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រសហគមន៍កសិករប្រើប្រាស់ទឹកដែលត្រូវបង្កើត ទី៣)ជួយផ្តល់បច្ចេកទេសថែទាំប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រងទឹកដោយមានកាលវិភាគបែងចែកទឹកច្បាស់លាស់ទៅតាមតម្រូវការ និងទី៤)ជួយសហគមន៍កសិករប្រើប្រាស់ទឹកក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ធ្វើការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ដើម្បីពន្យល់ដល់ប្រជាកសិករ ឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង ផ្ទៃដីដែលអាចស្រោចស្រពបាន និងចុះទៅមើលអាងទឹកផ្ទាល់ជាមួយប្រជាកសិករ។
លើសពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានជំរុញឱ្យមន្ទីរចុះផ្សព្វផ្សាយ និងជួយការងារដល់សហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជាប់លាប់ជាប្រចាំ ថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាង សម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅកាន់តែមានភាពប្រសើរឡើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង