ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តដឹកនាំក្រុមការងារនៃអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀតផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋាន ដែលមកពីបណ្តាអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារផងដែរ ។
សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ តាមរយៈថ្នាលទិន្នន័យរបស់អតីតមន្រ្តីរាជការដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលហៅកាត់ថា “ថ.ទ.អ.ម.ប.” ដើម្បីធានាអនុវត្តត្រឹមត្រូវស្របច្បាប់ជាពិសេសការការពារទិន្នន័យឯកជនភាពរបស់បុគ្គល ៕

អត្ថបទដែលជាប់ទាក់ទង