ក្រសួងសាធារណការ និង UNOPS ចុះអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក

នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ បានអញ្ជើញជាអធិបតី និងហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) តំណាងដោយលោកស្រី អ៊ីដា ក្រាចា (Mrs. Eda Kraja) នាយកគ្រប់គ្រង់ នៃ UNOPS ប្រចាំប្រទេសកម្ពុជា និងឡាវ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង និង UNOPS ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធច្រើនរូបទៀត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU)នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងកិច្ចសហការមិនផ្តាច់មុខ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) លើវិស័យដែលផ្តល់ប្រយោជន៍រួម។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានកោតសរសើរដល់ថ្នាក់ដឹកនាំទទួលបន្ទុក ថ្នាក់ដឹកនាំអគ្គនាយកជំនាញ ក្រុមការងារ UNOPS និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការជួបពិភាក្សា កំណត់អាទិភាព នៃកិច្ចសហប្រតិបត្តិការ និងរៀបចំការងារពាក់ព័ន្ធកន្លងមក ដើម្បីសម្រេចបាននូវ MoU ដ៏មានសាៈសំខាន់មួយនេះ ដែលនឹងបើកផ្លូវឱ្យភាគីទាំងពីរ ជាពិសេសអគ្គនាយកដ្ឋានជំនាញ អាចពង្រឹង និងពង្រីកកិច្ចសហការថ្មីបន្ថែមទៀតនាពេលអនាគត។
បើតាមក្រសួងសាធារណការ តាមរយៈពិធីចុះហត្ថលេខានេះ UNOPS នឹងក្លាយជាដៃគូដ៏សំខាន់ ក្នុងការអនុវត្តកិច្ចសហការប្រតិបត្តិការរួមគ្នា ជាពិសេសនៅក្នុងរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖
១)ការគាំទ្រលើការអភិវឌ្ឍ និងការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រកបដោយចីរភាព និងភាពធន់ ដើម្បីអាធានាថាហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា អាចទ្រទ្រង់នឹងបញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងធានាសុវត្ថិភាពដល់មនុស្សជំនាន់ក្រោយ
២)ការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពលើការដឹកជញ្ជូនដែលគាំទ្រដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការប្រកួតប្រជែងក្នុងទីផ្សារ និង ៣)ការកសាងសមត្ថភាពស្ថាប័ន ដោយរួមបញ្ចូលនូវការចែករំលែកចំណេះដឹង និងការគាំទ្របច្ចេកទេសតាមរយៈជំនួយបច្ចេកទេស (TA) ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង