សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ

ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីថ្លែងក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
ឆ្លៀតក្នងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារខំខាន់ៗនៃការអបអរសាទរខួបលើកទី៤៦ ទិវាជ័យជំនះ ៧មករា ដែលថ្លែងដោយសម្តេចតេជោតេជោ ហ៊ុន សែន ដោយបានគូសរំលេចអំពី គុណតម្លៃសន្តិភាព ក្រោមការអនុវត្តនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ដែលយើងទាំងអស់គ្នាមានកាតាព្វកិច្ចចូលរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ជាច្រើន ដោយផ្ដោតនូវការពង្រឹងគុណភាពវិស័យអប់រំ ការបង្ខិតសាលារៀនឲ្យទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយពេលវេលា និងជួយសម្រួលដល់ការសិក្សា រួមជាមួយនឹងពង្រឹងគុណភាពសាលារដ្ឋនៅគ្រប់កម្រិតផងដែរ។ ចំណែកឯ វិស័យសុខាភិបាល រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការសម្រេចឲ្យបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេស ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។
គួររំលឹកផងដែរថា សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះរួមមាន៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើរនឹង ១០បន្ទប់ និងអគារទីចាត់ការ ២ខ្នង ស្មើនឹង ៨បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានចំណាយទឹកប្រាក់សាងសង់អស់ចំនួន ៥៦២.៧២០ដុល្លារអាមេរិកនិង សំណង់អគារមន្ទីរពេទ្យ ១ខ្នង កម្ពស់ ២ជាន់ នៅក្នុងជំហ៊ានទី២នេះ ដែលរួមមាន អគារផ្នែកសម្ភព រោគស្ត្រី ទារក កុមារ និងវះកាត់ ដែលបានចំណាយការសាងសង់អស់ចំនួន ១៦៣.១៥៨ដុល្លារអាមេរិក សរុបថវិកាសាងសង់ស្មើនឹង ៧២៥.៨៧៨ដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង