កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ០៤នាក់ ដែលបានបង្កហិង្សាដោយចេតនា បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

ស្វាយរៀង÷ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ទន្លេវ៉ៃគោក្រុងស្វាយរៀង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៤នាក់ ប្រុស បាននាំគ្នាព្រួតវាយលើយុវជនម្នាក់ ប្រុស។
ក្រោយពីបានទទួលព័ត៌មានរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាដល់ លោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ដឹកនាំកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនបានក្មេងទំនើង ០៤នាក់ ប្រុស។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០៤នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពវាយលើយុវជន ០១នាក់ នៅចំណុចសួនមាត់ទន្លេ ច្រាំងតាបុល ពិតប្រាកដមែន។
សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង