លោក Yoon Suk Yeol អះអាងថា ស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីបញ្ចៀសការបង្ហូរឈាម
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថាលោកផ្ទាល់បានសម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បី សួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ក្នុងគោលបំណងបញ្ចៀសការបង្ហូរឈាមដាក់គ្នា បើទោះជាលោកយល់ថាការស៊ើបអង្កេតលើរូបលោកជា ទង្វើខុសច្បាប់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តឆ្លើយតបទៅកាន់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ»។ លោកបន្តថាលោកមិនបានទទួលស្គាល់ ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នា។
គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះដែរបានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ ក្រុមអ្នកស៊ើបអង្កេត បានអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol នៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទី (ម៉ោងនៅសេអ៊ូល)។ តាមរយៈការចាប់ខ្លួននេះ លោក Yoon បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។
នៅព្រឹកថ្ងៃពុធនេះ មានមន្ត្រីប៉ូលិស និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយប្រហែលជា ៣០០០នាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខនិវេសនដ្ឋានរបស់លោក Yoon ដើម្បីអនុវត្ត ដីកាចាប់ខ្លួនប្រធានាធិបតីរូបនេះជាលើកទី២៕