ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង២ ក្នុងខេត្តឧត្តរមានជ័យ
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធទាំងអស់ក្នុងតំបន់ភូមិភាគពាយ័ព្យប្រទេសកម្ពុជា ចុះពិនិត្យលើប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យមស្ទឹងស្រែង២ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះពិនិត្យគឺដើម្បីអនុវត្តនូវយុទ្ធសាស្រ្តធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តមួយនេះឱ្យទៅជាប្រព័ន្ធធារាសាស្រ្តខ្នាតធំ មានលក្ខណៈគ្រប់ជ្រុងជ្រោយ រឹងមាំទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងចូលរួមចំណែកដ៏សកម្មក្នុងការកាត់បន្ថយនូវគ្រោះមហន្តរាយដែលបានកើតឡើងជារឿយៗ ពីជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួតក្នុងបណ្តាខេត្តនៅតំបន់ភូមិភាគពាយ័ព្យ ដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕