Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា
នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
នៅក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូផងដែរអំពីការងារអាទិភាព ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង ដែលរួមមាន៖ ទី១)បន្ដបង្កើនសក្ដានុពលធនធានទឹក តាមរយៈការបន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ទី២)ការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្ត និងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុន (Early Warning System) ដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ទី៣)បន្ដការរៀបចំ និងដាក់ចេញនូវច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្ត សម្រាប់វិស័យធនធានទឹក និងឧតុនិយម ទី៤)ការពង្រឹងសមត្ថភាពស្ថាប័នតាមរយៈការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ ទី៥)ការលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក និង ទី៦)ពង្រឹងយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ដែលរួមមាន៖ ទី១)ការកសាងនិងប្រតិបត្តិការទំនប់ទឹកខ្នាតធំក្នុងលក្ខណៈទំនើប ទី២)វិស័យរ៉ាដាសម្រាប់អាកាសធាតុនិងផ្កាយរណប និងទី៣)ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតទៅសិក្សានៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕