ក្រុមក្មេ..ងទំនើងចំនួន 6 នាក់ សមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេធ្វើសកម្មភាព ឆ្ម..ក់វាយជនរងគ្រោះម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយរត់គេចខ្លួនបានរយៈពេល 2 ថ្ងៃ

ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន 6 នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយ ពេលដែលពួកគេធ្វើសកម្មភាព ឆ្មក់វាយជនរង គ្រោះម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ ពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយរត់គេចខ្លួនបានរយៈពេល 2 ថ្ងៃ។
ករណីនេះបានកើតឡើងការពីយប់ថ្ងៃទី 11 មករា នៅលើកំណត់ផ្លូវជាតិលេខ 8A ត្រង់ចំណុចភូមិឡ ឃុំក្រញូង ស្រុកកំចាយមារខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ធា ជ័យទាត់ ភេទប្រុស អាយុ 33 ឆ្នាំ មានទីលំនៅក្នុងភូមិទួលត្នោត ឃុំព្រាល ស្រុកកញ្ជ្រច ខេត្តព្រៃវែង ត្រូវក្រុមក្មេងទំនើងវាយមួយដុំថ្មចំក្បាលផ្នែកខាងក្រោយធ្លាក់ពីលើម៉ូតូបណ្ដាលឲ្យប្រកាច់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង។

នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិបីនាក់ផ្សេងទៀត ដែលរស់នៅឯស្រុកកញ្ជ្រៀចបាននាំគ្នាមកផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងកូលាបរាត្រី ក្នុងឃុំក្រញូង ស្រុកកំចាយមារ លុះពេលផឹកស៊ីស្រវឹងក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែត្រូវក្រុមក្មេងទំនើងមួយក្រុម មានគ្នា 6 នាក់ ជិះម៉ូតូបីគ្រឿងមកពីក្រោយ ហើយយកដុំថ្មវាយចំក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ រួចពួកគេក៏ជិះម៉ូតូរត់គេខ្លួនបាត់អស់ទៅ។

ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅកម្លាំងសមត្ថកិច្ចស្រុកកំចាយមារភ្លាម ហើយក្រោយពីស្រាវជ្រាវអស់រយៈពេល 2 ថ្ងៃ គឺមកដល់ល្ងាចថ្ងៃទី 13 មករា សមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់សរុបចំនួន 6 នាក់ ហើយបាននាំខ្លួនពួកគេទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រៃវែង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីភ្លាមៗផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមក្មេងទំនើងនិងក្រុមជនរងគ្រោះ គឺមិនដែលមានគំនុំគុំគួនអ្វីនឹងគ្នាទេ ហើយក៏មិនដែលស្គាល់គ្នាដែរពីមុនមក គឺពួកគេបានជួបគ្នាដោយចៃដន្យ ហើយក៏ធ្វើសកម្មភាពឆ្មក់វាយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង