ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់យុវជនទាំងអស់ សូមបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងកិច្ចការអភិវឌ្ឍ សហគមន៍ជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្រុមការងារវិស័យឯកជន និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែមានការរីកចម្រើនទ្វេឡើង នៅក្នុងឆ្នាំ២០២៥នេះ។
ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការស.ស.យ.ក. ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅទូទាំងខេត្ត សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខន្តិកៈ និងគោលការណ៍ណែនាំនានារបស់គណៈកម្មាធិការ ស.ស.យ.ក ថ្នាក់ កណ្តាល ដើម្បីរក្សានូវគុណតម្លៃស្នូលរបស់ ស.ស.យ.ក ដែលតម្កល់ផលប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនជាធំ តាមរយៈការនាំយុវជន និងប្រជាជនធ្វើតែអំពើល្អ សុចរិត និងមានប្រយោជន៍ដល់សង្គមជាតិ។
ក្នុងនាមសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់ថ្នាក់ដឹកនាំ និងយុវជន ស.ស.យ.ក ទាំងអស់ សូមបន្តពង្រឹងវប្បធម៌សាមគ្គីភាព និងកិច្ចសហការគ្នា ក្នុងស្មារតីបម្រើជាតិ និងប្រជាជន សំដៅចូលរួមចំណែកជួយលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរស់រវើក និងមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់នៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងពង្រីកសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សាអប់រំ និងមធ្យោបាយនានា ដើម្បីពង្រឹង ពង្រីកបរិមាណ និងគុណភាពរបស់យុវជននៅមូលដ្ឋាន ជំរុញទឹកចិត្ត ឱ្យយុវជនបង្កើនការចូលរួមអនុវត្ត សកម្មភាពជួយសង្គមបន្តទៀត និងបណ្តុះអ្នកដឹកនាំបន្តវេន ឱ្យបានកាន់តែច្រើន នៅថ្នាក់មូលដ្ឋាន ហើយសូមធ្វើកិច្ចការនេះឱ្យបានជាប់ជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង