រយៈពេលមួយឆ្នាំ២០២៤ កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបក្មេ..ងទំនើង-ជនទំនើង បានចំនួន ៦៩៥ករណី ឃា..ត់ខ្លួន ១.៤១៥នាក់ (ស្រី ៦១នាក់) ដកហូតសម្ភារពាក់ព័ន្ធមួយចំនួន
ភ្នំពេញ ៖ យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រយៈពេលមួយឆ្នាំ២០២៤ កន្លងមកនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង-ជនទំនើង បានចំនួន ៦៩៥ករណី ឃាត់ខ្លួន ១.៤១៥នាក់ (ស្រី ៦១នាក់) ដកហូតសម្ភារពាក់ព័ន្ធមួយចំនួន ក្នុងនោះ ពាក់ព័ន្ធបទល្មើស ៥២០ករណី ឃាត់ខ្លួន ៩២១នាក់ (ស្រី ២៤នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងអនុវត្ត វិធានការរដ្ឋបាល ១៧៥ករណី ឃាត់ខ្លួន ៤៩៤នាក់ (ស្រី ៣៧នាក់) ជាករណីបង្កអុកឡុកឱ្យបាត់សណ្តាប់ធ្នាប់ ករណីកែច្នៃបំពង់ស៊ីម៉ាំង និងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដោយបានធ្វើកិច្ចសន្យាអប់រំ បញ្ឈប់សកម្មភាព និងប្រគល់ឱ្យអាណាព្យាបាលវិញ។ ក្នុងចំណោមក្មេងទំនើង និងជនទំនើងចំនួន ១.៤១៥នាក់ បានពិនិត្យឃើញមានផ្ទុកសារធាតុញៀនចំនួន ២៩២នាក់ ស្មើនឹង ២០,៦៩% ។
របាយការណ៏ដដែល បានឱ្យដឹងទៀតថា ក្រៅពីក្មេងទំនើងសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានចំនួន ៧៤ករណី ឃាត់ខ្លួន ៣៨០នាក់ (ស្រី ៧១នាក់) បានដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួន។ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ១៣៧នាក់ (ស្រី ២៤នាក់) ធ្វើកិច្ចសន្យាអប់រំ ២៤៣នាក់ (ស្រី ៤៨នាក់)។ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១.៤០៦ករណី ឃាត់ខ្លួន ២.៥៨៣នាក់ (ស្រី ២៣៥ នាក់) ដកហូតបានគ្រឿងញៀនសរុបចំនួន ៥២១.៩២០,០៨ក្រាម និងសម្ភារពាក់ព័ន្ធមួយចំនួន កសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ៥៤៧ករណី ឃាត់ ខ្លួន ៩៤៣នាក់ (ស្រី ១០៥នាក់) និងករណីប្រើប្រាស់គ្រឿងញៀន ៨៤២ករណី ឃាត់ខ្លួន ១.៦២៧នាក់ (ស្រី ១២៩នាក់) និងដីកា ១៧ដីកា ឃាត់ខ្លួន ១៣ (ស្រី ១នាក់) ។
សូមបញ្ជាក់ថា បើមិនប្រែប្រួលទេនោះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃ គីថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធីបើកស្ថិតក្នុងអធបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ចំណែកពិធីបិទសន្និបាត ស្ថិតក្នុងអធបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕