គម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរីគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៦
ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង ជីនអ៊ួយ (Wang Junwei) តំណាងក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. ដែលជាក្រុមហ៊ុនទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលលើគម្រោងសាងសង់ស្ថានីយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។
លោកអគ្គលេខាធិការ បានស្វាគមន៍ និងសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន ព្រមទាំងបានជម្រាបជូនថាបច្ចុប្បន្នកម្ពុជាមានកំណើនវិនិយោគក្នុងវិស័យឧស្សាហកម្មយ៉ាងគំហុកដែលធ្វើឱ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេស ថាមពលស្អាត។ ក្នុងន័យនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនខិតខំអនុវត្តគម្រោងវិនិយោគរបស់ខ្លួន និងបំពេញការងារដូចដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងស្ថាប័នសាមី ឱ្យមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងជំនួបពិភាក្សានេះ លោក វ៉ាង ជីនអ៊ួយ បានជម្រាបជូនថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងារដោយគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយថាមពលខ្យល់នៅក្នុងឆ្នាំ២០២៦ ហើយគោលបំណងនៃកិច្ចពិភាក្សានៅថ្ងៃនេះគឺដើម្បីស្វែងយល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីក្លាយជាគម្រោងមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ និងទទួលបានការលើកទឹកចិត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
បន្ថែមពីនេះ លោកអគ្គលេខាធិការ ក៏បានពន្យល់ពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានភាពសាមញ្ញ និងឆាប់រហ័ស ហើយមន្ត្រីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារង់ចាំដោយក្តីរីករាយក្នុងការទទួលពាក្យស្នើសុំចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន៕