ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងភូមិសាស្រ្តខេត្តព្រៃវែង

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង ក្នុងភូមិសាស្រ្តខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ រួមជាមួយអាជ្ញាធរខេត្ត ជួបសំណេះសំណាលជាមួយគណៈកម្មការសហគមន៍កសិករប្រើប្រាស់ទឹក និងបានចុះពិនិត្យជាក់ស្តែង៖
ទី១)ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីត្រៀមបូមទឹកសង្គ្រោះស្រូវរដូវប្រាំង របស់ប្រជាកសិករដែលធ្វើនៅលើដីស្រូវវស្សាប្រមាណជា ១៥០០០ហិកតា ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ស្រុកកញ្ជ្រៀច ស្រុកកំចាយមារ ស្រុកស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង។
ទី២)អាងទឹកបឹងកំពិត ស្ថិតនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាប្រភពទឹកដ៏សំខាន់ក្នុងការស្តុកទឹកទុកបង្ហូរទៅសង្រ្គោះស្រូវប្រាំងក្នុងខេត្តព្រៃវែង ។
និងទី៣)ស្ថានីយបូមទឹកទី២ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតនៅក្នុងឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដែលកំពុងបូមសង្គ្រោះស្រូវរដូវប្រាំង ធ្វើនៅលើដីស្រូវវស្សា ក្នុងស្រុកស៊ីធរកណ្ដាល ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ដែលមានផ្ទៃដី សរុបប្រមាណជាង ២០០០ ហិកតា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក សូមធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមាន ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តព្រៃវែង រហូតមកដល់បច្ចុប្បន្ននេះអនុវត្តបានប្រមាណជា ១៣៤៤៦៨ ហិកតា ស្មើនឹង ១៧៩,២៩% នៃផែនការ ៧៥០០០ ហិកតា៕

អត្ថបទដែលជាប់ទាក់ទង