ពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ត្រូវប្ដូរទៅធ្វើនៅខាងក្នុងវិមានសភា ជាលើកដំបូងក្នុងពេល៤០ឆ្នាំ
(វ៉ាស៊ីនតោន)៖ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នឹងត្រូវប្ដូរទៅធ្វើនៅក្នុងខាងវិមានសភា (U.S. Capitol) វិញ ដោយសារតែអាកាសធាតុនៅទីលានខាងក្រៅនឹងធ្លាក់ចុះត្រជាក់ខ្លាំងពេក ហើយនេះជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំមកនេះដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក មិនត្រូវបានធ្វើនៅទីលានខាងក្រៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃសុក្រ ទី១៧ ខែមករា លោក ដូណាល់ ត្រាំ បានសរសេរថា «វានឹងមានអាកាសធាតុត្រជាក់ខ្លាំងពេកនៅក្នុងប្រទេស។ ខ្ញុំមិនចង់ឃើញប្រជាជនធ្លាក់ខ្លួនឈឺ ឬរងរបួសនោះទេ។ ដូច្នេះ ខ្ញុំបានបញ្ជាឱ្យរៀបចំពិធីស្បថចូលកាន់តំណែង ការបន់ស្រន់ និងសុន្ទរកថាផ្សេងទៀតនៅក្នុងវិមានសភា»។
គួរបញ្ជាក់ថា លើកចុងក្រោយបំផុតដែលពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកត្រូវធ្វើឡើងនៅក្នុងវិមានសភាដោយសារតែអាកាសធាតុត្រជាក់ខ្លាំង គឺកើតឡើងកាលពីឆ្នាំ១៩៨៥ នៅពេលអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan ស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ ដោយនៅពេលនោះអាកាសធាតុចុះត្រជាក់ដល់ -២៣អង្សាសេ ដល់ -២៩អង្សាសេ។
ចំណែក ការព្យាករអាកាសធាតុសម្រាប់ថ្ងៃចន្ទសប្ដាហ៍ក្រោយចំថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង សីតុណ្ហភាពក្នុងទីក្រុងវ៉ាស៊ីនតោន នឹងចុះត្រជាក់ដល់ -៧អង្សាសេ តែត្រូវបានគេរំពឹងថា អាចនឹងចុះត្រជាក់ខ្លាំងជាងនេះទៀត៕