ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង

(កំពង់ធំ)៖នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ក្នុងនាមតំណាងឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំម្សាក្រង និងសាខាបក្សភូមិទាំង ១១ភូមិ សរុបប្រមាណ ៧០នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥របស់គណបក្សឃុំម្សាក្រងដែលអានដោយលោកប្រធានគណៈកម្មាធិការគណបក្សឃុំម្សាក្រង និងសេចក្តីរាយការណ៍ផ្ទាល់អំពីស្ថានភាពបច្ចុប្បន្ន កង្វល់នានា ក៏ដូចជាសតិអារម្មណ៍របស់សមាជិកបក្សតាមតាមបណ្តាភូមិទាំង ១១រួចមក ឯកឧត្តម ឈា ប៊ុនរិទ្ធ បានមានមតិស្វាគមន៍ និងថ្លែងនូវការកោតសរសេីរអំពីលទ្ធផលការងារដែលគណបក្សឃុំសម្រេចបាន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានខិតខំយកអស់ពីកំលាងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួន ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនជូនប្រជាជន និងគណបក្ស ក្នុងរយៈពេល ១២ខែកន្លងមក។ បន្ថែមលេីនេះ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងផងដែរ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលេីកឡេីងពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង ២៦ឆ្នាំហើយ ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ ក្រោយការបញ្ចប់សង្គ្រាមទាំងស្រុង។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំម្សាក្រង បានមានមតិផ្តាំផ្ញេីដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្រូវបន្តចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការនិងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងបន្តរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសសមាជិកគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំទាំងមូលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង