តំបន់រ៉ាមសារ ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀត នៅក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តំបន់រ៉ាមសារ ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀត នៅក្នុងខេត្តស្ទឹងត្រែង។ តំបន់រ៉ាមសារមានសក្តានុពល អំណោយផលលើធម្មជាតិយ៉ាងសំបូរបែប ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ទៅលេងហើយ គឺចង់ទៅលេងទៀតដើម្បីស្រូបយកភាពស្រស់ស្រាយពីធម្មជាតិ ។
ក្រៅពីទឹកទន្លេ ដ៏ថ្លាឆ្វង់ នារដូវប្រាំង ខ្សាច់ពណ៌មាស ចែងចាំងតាមពន្លឺថ្ងៃ ក្រោមម្លប់ដើមឈើប៉ប្រាស់ទឹកស្កេតស្កះ និងហ្វូងសត្វស្លាបហោះហើររាប់ម៉ឺនក្បាល ស្រែកយំ នាពេលថ្ងៃលិច ។
ដោយសារនៅតំបន់រ៉ាមសារ សំបូរទៅដោយធម្មជាតិស្រស់បំព្រង និងទឹកទន្លេត្រជាក់ថ្លាឆ្វង់ អ្នកទេសចរណ៍ភាគច្រើនចូលចិត្តទៅបោះតង់លើកោះខ្សាច់ អុំទូកកាយ៉ាក់ ដុតត្រីធម្មជាតិស្ដាប់ភ្លេងកម្សាន្តនាពេលរាត្រី ។
ដោយផ្អែកលើសក្តានុពល នៅក្នុងតំបន់ទន្លេមេគង្គនោះ រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍អុំទុកកាយ៉ាក់ជាលើកដំបូង នៅតំបន់រ៉ាមសារទន្លេមេគង្គ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ក៏ដូចជាផ្សព្វផ្សាយពីតំបន់ទេសចរណ៍បន្ថែម ដែលជាឱកាសរកប្រភពចំណូលជូនសហគមន៍ផងដែរ ។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តលោក ម៉ែន គុង បានបញ្ជាក់ ឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះថា នេះគឺជាព្រឹត្តិការណ៍ លើកទី១ ដែលរៀបចំឡើងបន្ទាប់ពីធ្វើការសាកល្បងនៅឆ្នាំ២០២៤ កន្លងមក។ ហើយការរៀបចំព្រឹត្តិការណ៍នេះឡើង គឺជាការដឹកនាំដោយលោក សរ សុពុត្រា អភិបាលខេត្ត បង្អុរបង្ហាញសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមការងារមាតុភូមិខ្ញុំ និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីបង្កើតព្រឹត្តិការណ៍នេះឡើង ដោយមានរយៈពេលពីរថ្ងៃ មួយយប់ (១៨-១៩-២០ ខែមករា ឆ្នាំ២០២៥) ដោយផ្ដើមចេញពីកំពង់ផែនៅក្នុងភូមិសាស្ត្រ នៃស្រុកបុរីអូរស្វាយសែនជ័យ ឆ្ពោះមកកាន់កំពង់ផែអាហារដ្ឋានទន្លេខៀវ នៃក្រុងស្ទឹងត្រែង ។
លោកបន្តថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងផ្សារភ្ជាប់ទេសចរណ៍ ជាមួយទឹកដីធម្មជាតិ និងទេសចរណ៍ជាមួយសហគមន៍ ក៏ដូចជាការបង្កើត នូវផលិតភាពពីទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង និងការផលិតបាននូវផលិតផលសម្រាប់វិស័យទេសចរណ៍ជាមួយនឹងសហគមន៍ ក៏ដូចជាការរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងភូមិសាស្ត្រខេត្ត ។
គេរំពឹងថា តាមរយៈនៃការបង្កើតព្រឹត្តិការណ៍នេះឡើង និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយតំបន់ទេសចរណ៍បែបធម្មជាតិមួយនេះ និងអាចទាក់
ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកលេងកម្សាន្តតាមបែបចំណងចិត្ត ដូចជាការបោះតង់ មើលថ្ងៃរៀបលិច ទស្សនាដើមឈើប៉ប្រាស់ទឹក អុំទូកាយ៉ាក់ ហែលទឹកកម្សាន្ត ហូបអាហារក្នុងតំបន់ត្រីទន្លេធម្មជាតិ និងទស្សនាសត្វស្លាប ។ល។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍អុំទូកកាយ៉ាក់នេះ មានទូកចំនួន២០ និងមានកីឡាករ កីឡាការិនី ចំនួន៣៥នាក់ចូលរួម ក៏ដូចជាមានការចូលរួមចំណែកឧបត្ថម្ភគាំទ្រពីរដ្ឋបាលក្រុង ស្រុកទាំង៦ រួមនឹងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង