ក្រុមបាតុករកូរ៉េខាងត្បូង សម្រុកចូលតុលាការ ក្រោយការសម្រេចចិត្តពន្យាររយៈពេលឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol

(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចពន្យារបន្ថែមទៀត នូវរយៈពេលឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol រហូតដល់២០ថ្ងៃ ជាហេតុបង្កឱ្យមានការតវ៉ាដោយហិង្សា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោកចំនួនរាប់រយនាក់ ដែលបាននាំគ្នាសម្រុកចូលអគារតុលាការ និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងនោះ មុនប៉ូលិសអាចស្តារសណ្តាប់ធ្នាប់ បានឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងវិបត្តិនយោបាយ។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមអ្នកស៉ើបអង្កេតបានស្នើសុំតុលាការ ពន្យាររយៈពេលនៃការឃុំខ្លួន លោក Yoon បន្ទាប់រូបលោក មិនព្រមឱ្យគេសួរចម្លើយ។ តុលាការបានសម្រេចយល់ព្រមតាមសំណើរបស់ក្រុមអ្នកស៉ើបអង្កេត ក្រោមហេតុផលថា លោក Yoon អាចនឹងបំផ្លាញភស្តុតាងផ្សេងៗ។
យ៉ាងណាមិញ មិនយូរប៉ុន្មាន ក្រោយសេចក្តីសម្រេចរបស់តុលាការ ត្រូវបានប្រកាសនៅម៉ោងប្រមាណជា ៣ទាបភ្លឺថ្ងៃអាទិត្យនេះ ក្រុមអ្នកគាំទ្រលោក Yoon រាប់រយនាក់ ក៏បាននាំគ្នា សម្រុកចូលអគារតុលាការ។ ពួកគេបានទម្លុះខ្សែការពាររបស់ប៉ូលិស ហើយចូលទៅបំផ្លាញសម្ភារការិយាល័យ និងគ្រឿងសង្ហារិមផ្សេងៗ នៅក្នុងនោះ។ ប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏ស្តារសណ្តាប់ធ្នាប់បានឡើងវិញ ហើយបានឱ្យដឹងថា មកទល់ពេលនេះ បាតុករ៤៦នាក់ ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ថា ក្រោមដីកាថ្មីខាងលើរបស់តុលាការ លោក Yoon អាចត្រូវឃុំខ្លួនបានរហូតដល់២០ថ្ងៃ។ ច្បាប់កូរ៉េខាងត្បូង តម្រូវឱ្យជនសង្ស័យ ដែលជាប់ឃុំក្រោមដីកាតុលាការ ត្រូវឆ្លងកាត់ការត្រួតពិនិត្យរូបរាងកាយ ថតរូប mugshot ដែលគេនិយមហៅថា ការថតរូបវាស់កម្ពស់ ហើយស្លៀកឯកសណ្ឋានអ្នកជាប់ពន្ធនាគារ៕

អត្ថបទដែលជាប់ទាក់ទង