អគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ អគ្គិភ័យបានកើតឡើង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានចេញជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ នៅក្នុងភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។

ករណីអគ្គិភ័យនេះ មូលហេតុដោយសារប្អូនម្ចាស់ផ្ទះឈ្មោះ ជា រស់ ជាអ្នកដុត បណ្តាលឲ្យឆេះផ្ទះចំនួន ០២ខ្នង និងតូប ០១ខ្នង ទី១.ម្ចាស់ផ្ទះឈ្មោះ ជា ផល ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ និងប្តីឈ្មោះ ឡាង ឡុង ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការខូចខាត: ផ្ទះទំហំ ៥ម៉ែត្រ x៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ម៉ូតូ ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង សម្ភារៈប្រើប្រាស់ មួយចំនួនទៀត គិតជាទឹកប្រាក់ប្រមាណ៥លានរៀល ។
ទី២.ម្ចាស់ផ្ទះឈ្មោះ ចេង ផល ភេទស្រី អាយុ ៥៣ ជនជាតិខ្មែរ នៅភូមិល្វា២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការខូចខាត: ផ្ទះទំហំ ៦ម៉ែត្រx៩ម៉ែត្រ ឆេះអស់ ៨០% សម្ភារៈប្រើប្រាស់មួយចំនួន គិតជាទឹកប្រាក់ប្រមាណ៤លានរៀល ។

ក្រោយពីបានទទួលព័ត៌មានពីលោកមេឃុំអារក្សត្នោត លោកបានដឹក នាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយ រថយន្តពន្លត់អគ្គិភ័យរបស់លោក សែម សុវណ្ណី ០១គ្រឿង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអារក្សត្នោត ចុះអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា ។ អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង ១៣:០០នាទី។ ករណីនេះមិនបណ្ដាលឱ្យរបួសដល់មនុស្សនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង