ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំគណៈប្រតិភូ ចុះ MoU រវាងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា និងខេត្តវិញឡុង នៃប្រទេសវៀតណាម
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ឆ្នាំ២០២៥-២០២៩)។
ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ចំណែកភាគីខេត្តវិញឡុង ដឹកដោយ ឯកឧត្តម ឡឺ ក្វាងង៉ើយ ប្រធានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ក្នុងឱកាសរដ្ឋបាលខេត្តទៅបំពដញទស្សនកិច្ច ទៅខេត្តវិញឡុង និងខេត្តដុងថាប នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥។
យោងតាមអនុស្សរណៈយោគយល់គ្នា ផ្តោតសំខាន់៖
ទី១.លើកកម្ពស់ស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្ថិតស្ថេរយូរអង្វែង” ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងគោលបំណង ពង្រីក និងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការត្រូវតែផ្អែកលើគោលការណ៍ស្មើភាព ផលប្រយោជន៍ រវាងគ្នាទៅវិញទៅមក គោរពច្បាប់ជាតិ អត្តសញ្ញាណ វប្បធម៌ និងទំនៀមទម្លាប់ នៃជាតិរៀងៗខ្លួន។
ទ២.ជំរុញឱ្យបានខ្លាំងក្លាលើវិស័យកសិកម្ម ពាណិជ្ជកម្ម(នាំចេញ-នាំចូល និងការផ្លាស់ប្តូរទំនិញ) និងសេវាកម្មទេសចរណ៍ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា។ លើសពីនេះគូភាគីនឹងជំរុញបង្កភាពងាយស្រួលជូនអ្នកវិនិយោគ នៃភាគីនីមួយៗដើម្បីធ្វើការវិនិយោគក្នុងការផលិត ការបើកទូលាយទីផ្សារ ការផ្សារភ្ជាប់ការវិនិយោគ ដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់គូភាគីរួមមាន ៖ ខេត្តវិញឡុងនឹងជួយជំរុញផ្សព្វផ្សាយឱ្យវិនិយោគិនរបស់ខ្លួន ទៅធ្វើការសិក្សា និងស្វែងយល់ទីផ្សារខេត្តបន្ទាយមានជ័យ ព្រមទាំងស្វែងរកដៃគូសហការវិនិយោគលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាវិស័យសំខាន់ៗផ្សេងទៀត តាមការស្នើសុំរបស់ខេត្តបន្ទាយមានជ័យ ដូចជាការវិនិយោគលើវិស័យកសិកម្ម ផ្គត់ផ្គង់សម្ភារ ផលិតកម្មកសិកម្ម ជំរុញការដោះដូរនូវបណ្ដាទំនិញកសិផល ដែលផលិតបានក្នុងខេត្តបន្ទាយមានជ័យ ផ្លាស់ប្ដូរនិងរៀនសូត្រពី គ្នាទៅវិញទៅមកលើវិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍ សុខាភិបាល អប់រំ និងកីឡា ។ល។ ទន្ទឹមនឹងនេះខេត្តវិញឡុងនឹងបង្កលក្ខណៈងាយស្រួលដល់បណ្ដាវិនិយោគិនខេត្តបន្ទាយមានជ័យ ឈានចូល និងទទួលបានអត្ថប្រយោជន៍ នូវ ឱកាសវិនិយោគក្នុងទីផ្សារខេត្តវិញឡុង។ ចំណែកខេត្តបន្ទាយមានជ័យ នឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើវិនិយោគ និង ធុរកិច្ចរបស់វិនិយោគិនខេត្តវិញឡុងជាមិត្តនៅភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ដែលអាចបង្ហាញតាមរយៈសកម្មភាពដូចជា ការណែនាំ និងតភ្ជាប់សហគ្រាសរវាងគូភាគី សម្រួលដល់ការដឹកជញ្ជូនសម្ភារៈ និងទំនិញរបស់សហគ្រាសខេត្ត វិញឡុង ក្នុងខេត្តបន្ទាយមានជ័យ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ព្រមទាំងសន្តិសុខសម្រាប់វិនិយោគិនខេត្ត វិញឡុង។
ទី៣.គូភាគីគាំទ្រ និងសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលមន្រ្តីរាជការ ស្ត្រី យុវជន និងនិស្សិត របស់ខេត្តទាំងពីរដើម្បីផ្លាស់ប្តូរវប្បធម៌ ផ្សព្វផ្សាយចំណេះដឹង បទពិសោធន៍ អនុវត្តលទ្ធផលស្រាវជ្រាវ និងបច្ចេកវិទ្យាទំនើបដល់វិស័យកសិកម្មនៅតាមមូលដ្ឋាននីមួយៗផ្តល់ចំណេះដឹងជំនាញដល់កុមារ និងក្មេងជំទង់នៅគ្រប់កម្រិតអប់រំ។
ទី៤.រក្សា និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពល្អរវាងរដ្ឋបាលខេត្តទាំងពីរ ភ្ជាប់ទំនាក់ទំនង រវាងភ្នាក់ងារ និងមន្ទីរ-អង្គភាពពាក់ព័ន្ធនៃគូភាគីដើម្បីសម្របសម្រួល និងពិគ្រោះយោបល់លើកម្មវិធីកិច្ចសហប្រតិបត្តិការដែលសមស្របទៅនឹងលទ្ធភាព និងតម្រូវការរបស់ភាគីនីមួយៗ។
ទី៥.ដើម្បីអនុវត្តខ្លឹមសារអនុស្សរណៈនៃ ការយោគយល់ គ្នានេះ ឱ្យមានប្រសិទ្ធភាព ភាគីនីមួយៗនឹងបង្កើតក្រុមការងារមួយដើម្បីអភិវឌ្ឍន៍ និងសម្របសម្រួលសកម្មភាពសហប្រតិបត្តិការជាក់លាក់។ ភាគីនីមួយៗត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមកនូវរបាយការណ៍ស្តីពីលទ្ធផលប្រចាំឆ្នាំគោលដៅ និងទិសដៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា។
ទី៦.ការរៀបចំ និងលក្ខខណ្ឌហិរញ្ញវត្ថុ ទាក់ទងនឹងសកម្មភាពកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃ អនុស្សរណៈនៃការយោគយល់គ្នា អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់ភាគីនីមួយៗ ឬនឹងត្រូវបានពណ៌នាយ៉ាងលម្អិតនៅក្នុងកម្មវិធីបន្ថែមដាច់ដោយឡែក។
ក្រោយពីបញ្ចប់ពិធីចុះអនុស្សរណៈនៃការយោគយល់ គ្នារវាងខេត្តទាំង២ គណៈប្រតិភូខេត្តបន្ទាយមានជ័យ បានអញ្ជេីញទៅទស្សនកិច្ច នៅរោងចក្រផលិតជីដ៏ធំ នៅក្នុងខេត្ត វិញឡុង និងស្តាប់ការបទបង្ហាញពីសង្វាក់ការផលិតកម្ម ដែលមិនត្រឹមតែផ្គត់ផ្គងទីផ្សាក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅប្រទសកម្ពុជា និងបណ្តារប្រទេសមួយចំនួនទៀតផងដែ និងបានបន្តដំណេីរទៅទស្សនកិច្ច សំណង់ផ្ទះបុរាណសង់ពីដីឥដ្ឋ ដែលសាងសង់បង្ហាញពីរចនាបទ ក៏ដូចជាបង្ហាញពីវប្បធម៌ អរិយធម៌ ពីបុរាណ របស់ប្រទេសវៀណាមផងដែរ ៕