សម្រេចឃុំខ្លួនឈ្មោះ សុខ សង្ហា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីបទ ស៊ីសំណូក និងរំលោភអំណាច

ខេត្តតាកែវ ៖ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៧៩ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទចំនួន ០២នាក់ ៖
១.ឈ្មោះ សុខ សង្ហា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ស៊ីសំណូក និងរំលោភអំណាច ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២, មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
២.ឈ្មោះ សុខ គា ហៅ សេង សុខគា ភេទប្រុស អាយុ ៣៦ឆ្នាំ (កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត កណ្តាល) ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់ ប្រព្រឹត្តនៅចំណុចភូមិសាស្ត្រខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០២៣ រហូតដល់ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តតាកែវ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នទៅលើជនត្រូវចោទឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ ៣៨ឆ្នាំ (មានខ្លួន) នៅពន្ធនាគារខេត្តតាកែវ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង