ឧត្តមសេនីយឯក ហោ សំអាត អញ្ជើញជាកិត្តិយសចូលរួមទស្សនាការប្រកួតពាន់រង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញជាកិត្តិយសចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមកីឡាករក្នុងការប្រកួតពាន់រង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥ រវាងក្រុមបាល់ទាត់មកពីអគ្គនាយកដ្ឋានធនធានមនុស្ស និងក្រុមបាល់ទាត់មកពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ (ក្លឹបបាល់ទាត់ឌីជីថល)។
សូមជម្រាបថា ការប្រកួតខាងលើ គឺជាការប្រកួតជើងទីមួយនៃការប្រកួតជម្រុះក្នុងពូល D ដែលមានសរុប ០៤ក្រុម គឺក្រុមមកពីអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងអន្តោប្រវេសន៍មានជ័យ។
ជាលទ្ធផល ក្រុមបាល់ទាត់មកពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ (ក្លឹបបាល់ទាត់ឌីជីថល) បានយកឈ្នះក្រុមមកពីអគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងលទ្ធផល ៣ ទល់នឹង ០។ សម្រាប់ការប្រកួតបន្ទាប់ ក្លឹបបាល់ទាត់ឌីជីថល នឹងត្រូវប៉ះជាមួយក្រុមក្នុងពូល D នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លើកទី២ បានចាប់ផ្តើមជាផ្លូវការពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម មកពីក្លឹបតាមបណ្តាអគ្គនាយកដ្ឋាន ស្នងការដ្ឋាន លេខាធិការដ្ឋាន នាយកដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់ក្រោមចំណុះក្រសួងមហាផ្ទៃ ៕