លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists App) ជាមួយក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិវីសា Visa នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញទូទាត់អន្តរជាតិ និងវិស័យឯកជនសរុបប្រមាណ ៣០០នាក់។
តាមរយៈដំណើរការកម្មវិធីនេះ ទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជាអាចធ្វើប្រតិបត្តិការទូទាត់បែបឌីជីថលបានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីទូទាត់បាគងទេសចរដាក់ក្នុងទូរសព្ទដៃ ដើម្បីចុះឈ្មោះប្រើប្រាស់ហើយភ្ជាប់ជាមួយប័ណ្ណទូទាត់វីសា ដែលមានស្រាប់ពីប្រទេសដើមរបស់ខ្លួន។ បន្ទាប់ពីតភ្ជាប់រួចរាល់ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ចូលក្នុងគណនីបាគង ហើយធ្វើប្រតិបត្តិការទូទាត់តាមខេអេចឃ្យូអរកូត ជាមួយអាជីវករប្រមាណ ៤,៥ លានកន្លែង នៅក្នុងប្រទេសកម្ពុជា៕