អារ៉ាប៊ីសាអូឌីត ចង់ដាក់ទុនចំនួន ៦០០ពាន់លានដុល្លារទៅក្នុងការវិនិយោគ និងពាណិជ្ជកម្មបន្ថែមជាមួយសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ
រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាលមែន រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត មានព្រះបន្ទូលប្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា ព្រះរាជាណាចក្រចង់ដាក់ទុនចំនួន ៦០០ពាន់លានដុល្លារទៅក្នុងការវិនិយោគ និងពាណិជ្ជកម្មបន្ថែមជាមួយសហរដ្ឋអាម៉េរិក ក្នុងរយៈពេល៤ឆ្នាំខាងមុខ។
នៅក្នុងការសន្ទនាតាមទូរសព្ទរវាងមេដឹកនាំទាំងពីរ ព្រះអង្គម្ចាស់ ប៊ីន សាលមែន មានព្រះបន្ទូលថា កំណែទម្រង់រដ្ឋបាលរបស់លោក ត្រាំ អាចបង្កើតវិបុលភាពសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក។ អារ៉ាប៊ីសាអូឌីតចង់ឱ្យការវិនិយោគរបស់ខ្លួនទាញយកប្រយោជន៍ពីលក្ខខណ្ឌទាំងនេះ។
យ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋមិនបានបញ្ជាក់លម្អិតពីប្រភពនៃទឹកប្រាក់ចំនួន៦០០ពាន់លានដុល្លារនោះទេ ថាតើវាជាការចំណាយសាធារណៈ ឬឯកជន ឬរបៀបដែលប្រាក់នេះ នឹងត្រូវប្រើប្រាស់នោះទេ។ ទីភ្នាក់ងារនេះបានដកស្រង់សម្តីព្រះអង្គម្ចាស់ ប៊ីន សាលមែន ដែលមានព្រះបន្ទូលប្រាប់លោក ត្រាំ ថា ការវិនិយោគអាចកើនឡើងបន្ថែមទៀត ប្រសិនបើឱកាសថ្មីកើតឡើង។
លោក ត្រាំ បានជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋឈូងសមុទ្ទរួមទាំងអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ ប្រទេសនេះបានវិនិយោគចំនួន២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនដែលបង្កើតឡើងដោយលោក ចារេឌ គុសន័រ (Jared Kushner) ជាកូនប្រសាររបស់លោក ត្រាំ។
លោក ត្រាំ បាននិយាយបន្ទាប់ពីឡើងកាន់តំណែងថា លោកនឹងពិចារណាធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតជាទិសដៅដំបូងសម្រាប់ដំណើរទស្សនកិច្ចបរទេស ប្រសិនបើរដ្ឋធានីរីយ៉ាដយល់ព្រមទិញផលិតផលអាម៉េរិកដែលមានតម្លៃ៥០០ពាន់លានដុល្លារ៕