លោក ត្រាំ ប្រកាសដំណើរការ ក្រុមការងារ រូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថល
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ ក្រឹតប្រធានាធិបតី ដើម្បីស្វែងរកការបង្កើតក្រុមរូបិយប័ណ្ណឌីជីថលជាតិ និងបង្កើតក្របខ័ណ្ឌ សម្រាប់គោលនយោបាយទ្រព្យសម្បត្តិ ឌីជីថលផងដែរ។ នេះបើយោងតាមសេតវិមាន។
បើតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ ធ្លាប់បានប្រកាសពីផែនការ ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជារដ្ឋធានីគ្រីបតូ របស់ពិភពលោក និងក្លាយជាប្រធានគ្រីបតូផងដែរ។
ក្រឹតប្រធានាធិបតី ដែលមានចំណងជើងថា «ការពង្រឹងភាពជាអ្នកដឹកនាំអាមេរិក ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល» ដែលលោកបាន ចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍មានគោលបំណង «លើកកម្ពស់ភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិកនៅក្នុងទ្រព្យសម្បត្តិឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈពេលដែលការពារសេរីភាពសេដ្ឋកិច្ច»។
ឯកសារទាំងនេះចែងថា ឧស្សាហកម្មទ្រព្យសកម្មឌីជីថលដើរតួនាទីយ៉ាងសំខាន់ក្នុងការច្នៃប្រឌិត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ក៏ដូចជាភាពជាអ្នក ដឹកនាំអន្តរជាតិរបស់ប្រទេសយើង។ វាគូសបញ្ជាក់អំពីគោលនយោបាយរបស់លោក ត្រាំ ដើម្បីគាំទ្រដល់កំណើន ប្រកបដោយការទទួលខុសត្រូវ និងការប្រើប្រាស់ទ្រព្យសម្បត្តិឌីជីថល បច្ចេកវិទ្យារក្សាទុក បច្ចេកវិទ្យាដែលពាក់ព័ន្ធនៅទូទាំងគ្រប់វិស័យនៃសេដ្ឋកិច្ច។
ក្រឹតប្រធានាធិបតី បានបង្កើតក្រុមការងារ លើទីផ្សារទ្រព្យសកម្មឌីជីថល ដែលដឹកនាំដោយទីប្រឹក្សាពិសេសសម្រាប់ AI និង Crypto។ នៅក្នុងខែធ្នូ លោក ត្រាំ បានយកអ្នកបណ្តាក់ទុន វិនិយោគ David Sacks ធ្វើជាទីប្រឹក្សាផ្នែកលុយឌីជីថល Crypto និងសិប្បនិម្មិតរបស់លោក ដែលនឹងដឹកនាំគោល នយោបាយពាក់ព័ន្ធ។ វិនិយោគិនជាមហាសេដ្ឋីរូបនេះបានចូលរួមជាមួយលោក ត្រាំ នៅក្នុងការិយាល័យ Oval សម្រាប់ការចុះហត្ថលេខា លើការបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ៕