ក្រុមការងារអន្តរាគមន៍រាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំបានបន្តរាយការណ៍ពីលទ្ធផលការងារបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤គឺ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកតាំងគោក និងស្រុកស្ទោង ខេត្តកំពង់ធំ។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពបឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ធំ ក្នុងនោះ ទី១)ឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ទី២)ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ទី៣)ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា និងទី៤)ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។
ជាលទ្ធផល គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងបានចំនួន ៧៧៨ហិកតា ក្នុងនោះ ឃុំសាន់គបានចំនួន ៣៦៧ហិកតា ឃុំកំពង់ថ្មបាន ១៥០ហិកតា ឃុំទ្រៀលបាន ១៤៦ហិកតា និងឃុំបន្ទាយស្ទោងបាន ១១៥ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំកំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយយកការចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង