លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យនិងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ដោយមិនគិតថ្លៃ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ដោយមិនគិតថ្លៃ ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សៅ កុសល មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំង កងពលធំអន្តរាគមន៍លេខ២ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។
ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះ សំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ព គ្រួសារទ័ព និងបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ។
លោកជំទាវបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសម្របសម្រួលពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាន នំបញ្ចុក នំបុ័ង បបរនិងភេសជ្ជៈ ទទួលទានរួមគ្នាដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងចែកជូនវែនតា សម្រាប់លោកយាយ លោកតា,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លទ្ធផលព្យាបាលបានចំនួន ២៥៤១ នាក់
+វះកាត់តូចចំនួន ៧៥ នាក់
+ព្យាបាលរោគស្ត្រីចំនួន ៨១ នាក់
+ជំងឺទូទៅចំនួន ៨៩០ នាក់
+សម្ភពអេកូសាស្ត្រចំនួន ១៦០ នាក់
+ព្យាបាលមាត់ធ្មេញចំនួន ១៤០ នាក់
+ចែកកញ្ចប់អំណោយ សម្ដេច តេជោ សម្រាប់
មនុស្សចាស់ចំនួន ១០០ កញ្ចប់
+ចែកកាបូបរៀនកុមារចំនួន ៤៦០ កាបូប
+ចែករទេះរុញជនពិការចំនួន ១០ រទេះ
+ចែកវ៉ាន់តាចំនួន ៥០០ វែនតា
អប់រំសុខភាពជូនប្រជាជនបានចំនួន ៨៩០ នាក់
ពុកម៉ែបងប្អូនប្រជាពលរដ្ឋ, កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូណ៍។
សូមបញ្ជាក់ថា កម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រយាល ជាច្រើនគោលដៅរួចមកហើយ នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង