សហរដ្ឋអាមេរិក និងកូឡុំប៊ី ធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ ខណៈលោក ត្រាំ នឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី

វ៉ាស៊ីនតោន៖ ប្រទេសតំបន់អាម៉េរិកចំនួន២ [សហរដ្ឋអាម៉េរិក និងកូឡុំប៊ី] បានធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃអាទិត្យទី២៦ ខែមករាថា លោកនឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនៅអាម៉េរិកខាងត្បូងបានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនចំណាកស្រុកចំនួន២ គ្រឿង។ មេដឹកនាំកូឡុំប៊ីក៏បានប្រកាសដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកជាការសងសឹក។
លោក ត្រាំ កាលពីថ្ងៃអាទិត្យបានប្រកាសដាក់ពន្ធ និងការរឹតបន្តឹងទិដ្ឋាការលើប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីរបស់អាម៉េរិកឡាទីន បន្ទាប់ពីប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកពីរគ្រឿងដែលដឹកជននិរទេស។ កូឡុំប៊ី ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់សហរដ្ឋអាម៉េរិកនៅអាម៉េរិកឡាទីន បានឆ្លើយតបយ៉ាងរហ័ស ដោយបានគំរាមយកពន្ធ៥០ ភាគរយលើទំនិញរបស់សហរដ្ឋអាម៉េរិក។ ក្រោយមក ប្រធានាធិបតីឆ្វេងនិយម លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មឱ្យដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកចំនួន២៥ ភាគរយ។ កូឡុំប៊ីគឺជាប្រទេសទីពីរនៅអាម៉េរិកឡាទីន បន្ទាប់ពីប្រទេសម៉ិកស៊ិកដែលបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនអន្តោប្រវេសន៍។
លោក ត្រាំ បានសរសេររាយរាប់នៅលើបណ្តាញសង្គម Truth Social ថាការបដិសេធរបស់លោក ប៉េត្រូ ក្នុងការទទួលយកជើងហោះហើរនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ វិធានការសងសឹករួមមានការដាក់ពន្ធ២៥ ភាគរយលើទំនិញកូឡុំប៊ីទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាម៉េរិក ដែលនឹងកើនឡើងដល់៥០ ភាគរយនៅសប្តាហ៍បន្ទាប់ ការហាមឃាត់ការធ្វើដំណើរ និងការដកទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងទណ្ឌកម្មហិរញ្ញវត្ថុ។ លោកក៏នឹងដឹកនាំការត្រួតពិនិត្យព្រំដែនតឹងរឹងលើជនជាតិកូឡុំប៊ី និងទំនិញផងដែរ។
បុរសសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា៖«វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ីរំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលសហរដ្ឋអាម៉េរិកទេ!» លោក ត្រាំ បានប្រកាសថា អន្តោប្រវេសន៍ខុសច្បាប់ជាគ្រាអាសន្នជាតិ ហើយបានដាក់ការបង្រ្កាបយ៉ាងខ្លាំងក្លា ចាប់តាំងពីចូលកាន់តំណែងកាលពីសប្តាហ៍មុន។ លោកបានណែនាំយោធាអាម៉េរិកឱ្យជួយគ្រប់គ្រងសន្តិសុខតាមព្រំដែន ចេញបម្រាមទូលំទូលាយលើសិទ្ធិជ្រកកោន និងចាត់វិធានការរឹតត្បិតចំពោះការផ្ដល់សិទ្ធិពលរដ្ឋចំពោះកុមារដែលកើតលើទឹកដីអាម៉េរិក។
លោក ប៉េត្រូ បានថ្កោលទោសការអនុវត្តកាលពីថ្ងៃអាទិត្យរបស់រដ្ឋបាលលោក ត្រាំ។ លោកថា ការដឹកជនចំណាកស្រុកតាមយន្តហោះយោធា ប្រៀបដូចជាដឹកឧក្រិដ្ឋជន។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក ប៉េត្រូ បាននិយាយថា ៖«កូឡុំប៊ីនឹងស្វាគមន៍ជនចំណាកស្រុកដែលត្រូវបាននិរទេសដោយយន្តហោះស៊ីវិល។ សហរដ្ឋអាម៉េរិកមិនអាចចាត់ទុកជនចំណាកស្រុកកូឡុំប៊ីជាឧក្រិដ្ឋជនបានទេ»។ លោក ប៉េត្រូ បានឌឺដងថា ទោះបីជាមានជនជាតិអាម៉េរិកចំនួន១៥ ៦៦០ នាក់កំពុងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកូឡុំប៊ីក៏ដោយ ក៏លោកនឹងមិននិរទេសជនជាតិអាម៉េរិកដោយដៃជាប់ខ្នោះទៅសហរដ្ឋអាម៉េរិកវិញឡើយ។ លោកថា៖ «យើងគឺផ្ទុយពីពួកណាស៊ី»។
ម៉ិកស៊ិកក៏បានបដិសេធសំណើរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុញ្ញាតឱ្យយន្តហោះយោធាអាម៉េរិក ដែលដឹកជនចំណាកស្រុកចូលចុះចត។ យ៉ាងណាមិញ លោក ត្រាំ មិនបានចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែបាននិយាយថា លោកកំពុងគិតអំពីការដាក់ពន្ធ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្ខំឱ្យប្រទេសទាំង២ ចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ និងសារធាតុហ្វេតានីល ហូរចូលសហរដ្ឋអាម៉េរិក។
សហរដ្ឋអាម៉េរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០០៦ ជាមួយនឹងទំហំពាណិជ្ជកម្មពីរផ្លូវ៣៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ និងអតិរេកពាណិជ្ជកម្មចំនួន១,៦ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក។ ការនាំចូលធំបំផុតរបស់សហរដ្ឋអាម៉េរិកពីប្រទេសកូឡុំប៊ីក្នុងឆ្នាំនោះមានប្រេងឆៅ មាស កាហ្វេ និងផ្កាកុលាប។ ការនាំចេញកំពូលរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសកូឡុំប៊ីគឺប្រេងសាំង និងផលិតផលប្រេងផ្សេងទៀត យន្តហោះពាណិជ្ជកម្ម ពោត ប្រេងឆៅ និងសណ្តែកសៀង៕

អត្ថបទដែលជាប់ទាក់ទង