ករណីជនជាតិចិន ០៣នាក់ ចាប់ជនជាតិចិនដូចគ្នាម្នាក់ ដាក់ចូលក្នុងរថយន្តសារីទំនើប០១គ្រឿង សមត្ថកិច្ចថា ការពិត មិនមែនជាករណីចាប់ជំរិតទេ ពួកគេចាប់ជនជាតិចិនម្នាក់នោះ រត់ចេញពីមន្ទីរពេទ្យ ទើបចាប់ដាក់ក្នុងរថយន្ត យកទៅមន្ទីរពេទ្យវិញ

ខេត្តស្វាយរៀង ៖ មានករណីជនជាតិចិន ០៣នាក់ ចាប់ជនជាតិចិនដូចគ្នាម្នាក់ ដាក់ចូលក្នុងរថយន្តសារីទំនើប០១គ្រឿង នៅលើដងផ្លូវជាតិលេខ១ នៅក្រុងបាវិត ទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយអ្នកខ្លះស្រែកឆោឡោ អ្នកខ្លះប្តឹងសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ ដោយដាក់ការសង្ស័យថា ជាករណីចាប់ជំរិត ។

ក្រោយមកសមត្ថកិច្ចបានចាប់ខ្លួនបរុសជនជាតិចិនបានម្នាក់ យកទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីសាកសួរ និងនាំខ្លួនជនជាតិចិនម្នាក់ ដែលគិតថា ជាជនរងគ្រោះ ទៅសាកសួរដែរ និងយករថយន្តឡិចស៊ីស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2BI-5656 ដែលជនជាតិចិន ប្រើប្រាស់ចាប់ជនជាតិចិនដូចគ្នា យកទៅរក្សារទុកនៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីដោះស្រាយ។ ក៏ប៉ុន្តែក្រោយពីធ្វើការសាកសួរជនជាតិចិននោះ ប្រាប់សមត្ថកិច្ចថា ការពិត មិនមែនជាករណីចាប់ជំរិតទេ ពួកគេចាប់ជនជាតិចិនម្នាក់នោះ រត់ចេញពីមន្ទីរពេទ្យ ទើបចាប់ដាក់ក្នុងរថយន្ត យកទៅមន្ទីរពេទ្យវិញ ។
ពាក់ព័ន្ធករណីនេះ បន្ទាប់ពីមហាជនថតរូបភាពវីដេអូបង្ហោះតាមហ្វេសប៊ុក ចែកចាយផ្អើលបណ្តាញសង្គមរួចមក លោកអធិការ នៃអធិការដ្ឋាននគបាលក្រុងបាវិត បានចេញលិខិតបំភ្លឺថា មិនមែនជាករណីចាប់ជំរិតទេ ។
លោកអធិការ បំភ្លឺថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិន ០១នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និងមានមនុស្សចំនួន០៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្សចំនួន០៣នាក់ ក្នុងនោះមានជនបរទេស០២នាក់ និងខ្មែរ០១នាក់ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលថៃខាង វិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ ។
ក្រោយពីធ្វើការសាកសួរ ជនបទេស ចំនួន០២នាក់ ក្នុងនោះមានជនជាតិចិន ០១នាក់, ជនជាតិ មីយ៉ាន់ម៉ា ០១នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរ ០១នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូនសមត្ថកិច្ចយើងថា ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនត្រូវបានក្រុមហ៊ុនឲ្យយករថយន្ត០១គ្រឿង ជូនបុគ្គលិកជនជាតិចិន០១នាក់ ទៅមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺ។ ក្រោយពីគ្រូពេទ្យ បានពិនិត្យ និងឲ្យថ្នាំសម្រាប់លេប បានប្រហែលមួយម៉ោង ជនរងគ្រោះបានដើរចេញមកវិញ សំដៅឡើងរថយន្ត ក៏ប៉ុន្តែជនរងគ្រោះ មិនចូលរថយន្ត ក៏បានរត់ចេញទៅរកថ្នល់ ដោយពួកខ្លួនមានការព្រួយបារម្ភបញ្ហា សុខភាពជនរងគ្រោះ (ធ្លាប់មានបញ្ហាខួរក្បាល) និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ផងនោះ ក៏បានដេញតាមពីក្រោយ និងចាប់អ្នកជំងឺឲ្យចូលក្នុងរថយន្ត ដើម្បីជូនទៅក្រុមហ៊ុនវិញ ពេលនោះស្រាប់តែមានសមត្ថកិច្ច មកដល់ និងបាននាំពួកខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត តែម្តង ។
សមត្ថកិច្ច បានបន្តសាកសួរទៅជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបានបំភ្លឺជូនសមត្ថកិច្ចយើងថា មួយរយៈចុងក្រោយ ខ្លួនមានអាការថប់ៗទ្រូង និងតែងតែប្រើថ្នាំឈឺក្បាលជាប្រចាំ និងរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ជំងឺថប់ទ្រូងរបស់ខ្លួន ក៏រើឡើងវិញ ហើយលេបថ្នាំជាច្រើន នៅតែមិនបាត់ ទើបនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនក៏បានប្រាប់ក្រុមហ៊ុន ទើបក្រុមហ៊ុនបានឲ្យបុគ្គលិក០៣នាក់ ជូនខ្លួនមកមន្ទីរពេទ្យ។ ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យ ថតស្គែន និងអេកូ ហើយបានប្រាប់ ខ្លួនថា ខ្លួនមានបញ្ហាតម្រង់នោម និងរលាកទងសួត ហើយខ្លួនក៏ឲ្យគ្រូពេទ្យផ្សំថ្នាំឲ្យលេបសិន ពេលបានថ្នាំហើយ ខ្លួនក៏បានដើរចេញពីមន្ទីរពេទ្យ ប៉ុន្តែពេលនោះ ខ្លួនមិនដឹងថា ខ្លួនរត់ចេញពីពេទ្យទេ និងមិនបានដឹងថា គេជួយចាប់នោះដែរ ដោយសារពេលមុនខ្លួនធ្លាប់មានបញ្ហាប្រើប្រាស់ថ្នាំឈឺក្បាល (ថ្នាំប៉ះពាល់ខួរក្បាល) និងដោយសារឈឺផង ពិបាកដកដង្ហើមទៀត ខ្លួនក៏សន្លប់ ហើយពេលដឹងខ្លួនវិញ គឺនៅលើគ្រែមន្ទីរពេទ្យ ដោយដៃមានព្យសេរ៉ូមតែម្តង ព្រមទាំងឃើញមិត្តភក្តិនៅជាមួយ ។
តាមរយៈវីដេអូ កាមេរ៉ាសុវត្ថិភាព និងតាមការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ឃើញថា ករណីនេះ ពុំមែនជាករណីចាប់ជំរិត ឬពាក់ព័ន្ធនឹងបទល្មើសណាមួយនោះទេ ។
បច្ចុប្បន្ន អ្នកជំងឹជនជាតិចិន ត្រូវបានក្រុមហ៊ុនរៀបចំអោយសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពហុព្យាបាលថៃខាង ក្រុងបាវិត ដោយមានមិត្តភក្តិ ជួយមើលថែទាំជាមួយ ៕

អត្ថបទដែលជាប់ទាក់ទង