ហេតុការណ៍កម្រណាស់! បង្កឲ្យឆាបឆេះទំនិញលើរថយន្តសណ្តោងមួយគ្រឿង ត្រូវភ្លើងឆេះអស់ ដោយសារកម្ទេចរងើកភ្លើងឆេះព្រៃ

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍កម្រ បង្កឲ្យឆាបឆេះទំនិញលើរថយន្តសណ្តោងមួយគ្រឿង ត្រូវភ្លើងឆេះអស់ ដោយសារកម្ទេចរងើកភ្លើងឆេះព្រៃ នៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ។
ករណីភ្លើងឆេះសម្ភារៈនៅក្នុងរ៉ឺម៉ករថយន្តម៉ាកវេរអង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 3F-7596 ស្ថិតនៅចំណុចរវាក់ លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ២៣៣ ទៅ២៣៤ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សេចក្ដីរាយការបន្តថា សម្ភារៈនៅលើរ៉ឺម៉កឆេះអស់ទាំងស្រុង រួមមាន ៖
-ប្រេងម៉ាស៊ីនគ្រប់ប្រភេទ
-សំបកកង់ត្រាក់ទ័រ
-គ្រឿងបន្លាស់ត្រាក់ទ័រ និងគោយន្តកន្ត្រៃ និងគ្រឿងម៉ាស៊ីនកសិកម្មគ្រប់ប្រភេទ
-ស័ង្កសី បំពង់ពន្លត់អគ្គិភ័យ និងគ្រឿងបន្លាស់ផ្សេងៗមួយចំនួនទៀត ឆេះទាំងអស់ ។
ករណីអគ្គិភ័យឆេះសម្ភារៈនៅក្នុងរ៉ឺម៉ករថយន្តវេរអងនេះ ចំពោះរថយន្ត និងរ៉ឺម៉ក មិនមានការខូចខាតធ្ងន់ធ្ងរនោះទេ។ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ទៅជួយសង្គ្រោះ និងបាញ់ទឹកពន្លត់ បានរលត់អស់ទាំងស្រុង ។

មូលហេតុ នៃការឆេះនេះ បណ្ដាលមកពីភ្លើងឆេះព្រៃ ប៉ើងផ្កាភ្លើង ធ្លាក់ចូលក្នុងរ៉ឺម៉ករថយន្តកំពុងបើកកាត់មុខភ្លើង ទើបបណ្តាលឲ្យឆេះទំនិញងាយឆាបឆេះតែម្តង ។ ទោះយ៉ាងណា ករណីភ្លើងឆេះទំនិញលើរថយន្តនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ក្រោយពីបានបាញ់ពន្លត់សម្អាតភ្លើងឆេះអស់រួចរាល់ រថយន្តនេះបានភ្ជាប់រ៉ឺម៉កសណ្តោង បន្តដំណើរទៅមុខបានតាមធម្មតាវិញ ៕

អត្ថបទដែលជាប់ទាក់ទង