ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ៣៨៥ ហិកតា របស់បងប្អូនប្រជាកសិករប្រមាណ ៥០១គ្រួសារ ក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ដល់បងប្អូនប្រជាកសិករ ពីការគិតគូរជួយដោះស្រាយនូវទុក្ខលំបាក និងបញ្ហាប្រឈមចំពោះមុខរបស់បងប្អូន ដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រសួងធនធានទឹក និងឧតុនិយមដែលជាសេនាធិការ គឺធ្វើយ៉ាងណាខិតខំឱ្យអស់ពីលទ្ធភាពក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនឱ្យបានគ្រប់គ្នា និងទាន់ពេលវេលា។
សូមជម្រាបថា ក្រុមការងារអន្តរាគមន៍របស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដោយធ្វើការបូមទឹកពីប្រភពផ្សេងៗ រួមមាន បឹងបន្ទះជៀល អាងទឹកស្ទឹងជីនិត ប្រឡាយមេស្ទឹងជីនិត ស្ទឹងស្ទោង និងបូមបន្តចូលប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងប្រមាណ ១៧៤៩ ហិកតា នៅតាមបណ្តាឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ធំ ក្នុងនោះ ទី១)ឃុំសាន់គ ស្រុកកំពង់ស្វាយចំនួន ១០០០ហិកតា ទី២)ឃុំកំពង់ថ្ម ស្រុកសន្ទុក ១៦០ហិកតា ទី៣)ឃុំទ្រៀល ស្រុកតាំងគោកចំនួន ២០៤ហិកតា និងទី៤)ឃុំបន្ទាយស្ទោង ស្រុកស្ទោងចំនួន ៣៨៥ហិកតា។ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងបានប្រមាណ ៧៨៨ហិកតា ក្នុងនោះ ឃុំសាន់គបានចំនួន ៣៦៧ហិកតា ឃុំកំពង់ថ្មបាន ១៦០ហិកតា ឃុំទ្រៀលបាន ១៤៦ហិកតា និងឃុំបន្ទាយស្ទោងបាន ១១៥ហិកតា។
សូមបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំកំពុងបន្តបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ ដោយការយកចិត្តទុកដាក់បំផុត៕

អត្ថបទដែលជាប់ទាក់ទង