ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញជួបប្រជុំពិភាក្សាការងារស្តីពីការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេសជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
នារសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស ជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ ប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធចំនួន ១១រួមមាន៖ ខេត្តកំពង់ស្ពឺ កណ្តាល កំពង់ចាម បន្ទាយមានជ័យ តាកែវ កំពត ពោធិ៍សាត់ ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ និងខេត្តបាត់ដំបង ព្រមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ ដែលមានចំនួនសរុបប្រមាណ ៥០នាក់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ឱ្យដឹងថា គោលបំណងចម្បងនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្នើសុំកិច្ចសហការ និងពិភាក្សាអំពីនីតិវិធីងាយស្រួលសម្រាប់ជាដំណោះស្រាយរួមគ្នាពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ក្នុងការជំរុញពន្លឿនការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកចំនួន ៤៣២ ដែលបាននិងកំពុងដំណើរការចុះបញ្ជី រួមទាំងអាងស្តុកទឹក និងអាងទឹកដែលនៅសេសសល់មិនទាន់បានចុះចំនួន ៨៩០ផ្សេងទៀត ដើម្បីរក្សាទុកជាសម្បត្តិសាធារណ:របស់រដ្ឋ សម្រាប់បម្រើជាប្រយោជន៍ដល់សាធារណជនប្រកបដោយចីរភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១ ៥៦២ ដែលចាំបាច់ធ្វើការចុះបញ្ជី ក្នុងនោះមានចំនួន ២៤០ បានចុះបញ្ជីរួច ចំនួន ៤៣២ បាននិងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០ មិនទាន់បានចុះបញ្ជី៕