ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីប្រឡាយមេហនុមាន ក្នុងស្រុកបាទី ខេត្តតាកែវ
នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តម ស៊ិន វិសិដ្ឋ អនុរដ្ឋលេខាធិការ លោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកចាប់ពីទន្លេបាទីរហូតដល់ប្រឡាយមេហនុមាន និងការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងស្រុកបាទី ខេត្តតាកែវ។
សូមជម្រាបថា ផ្ទៃដីបង្កបង្កើនផលជាង ៤ពាន់ហិកតា របស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ នៅក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បានជួបប្រទះបញ្ហាខ្វះខាតទឹក ដើម្បីស្រោចស្រព។
ក្នុងឱកាសជួបជាមួយប្រជាកសិករក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានចាត់ឱ្យក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បើកទ្វារទឹកទំនប់អាងទឹកតាសាល បញ្ជូនទឹកតាមស្ទឹងព្រែកត្នោត ចូលក្នុងអាងទឹកទន្លេបាទី ហើយបញ្ជូនបន្តតាមប្រឡាយមេហនុមាន ដើម្បីទៅអន្តរាគមន៍ជួយស្រោចស្រពផ្ទៃដីស្រូវប្រាំងដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ក្នុងស្រុកបាទី ខេត្តតាកែវ៕