ករណីត្រាក់ទ័របើកបុកម៉ូតូ នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាករណីទំនាស់រវាងពលរដ្ឋនិងពលរដ្ឋ, អភិបាលខេត្តព្រះវិហារចាត់ក្រុមការងារចុះពិនិត្យដោះស្រាយភ្លាមៗ
(ព្រះវិហារ)៖ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពជម្លោះមួយបានកើតឡើងនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយគេឃើញប្រជាពលរដ្ឋមួយក្រុមបានចោទអ្នកបើកត្រាក់ទ័រថា មានបំណងបើកបំបុកសម្លាប់ពួកគាត់ និងបានធ្វើឱ្យម៉ូតូពួកគាត់រងការខូចខាត។
ដោយទទួលបានព័ត៌មាននេះភ្លាម លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ហោះតាមបណ្តាញសង្គមផ្តាល់ខ្លួនរបស់លោកអមដោយខ្លឹមសារថា «ព្រឹកស្អែកនេះ (២៩ មករា) ខ្ញុំនឹងចាត់ក្រុមការងារខេត្ត ដឹកនាំដោយអភិបាលរងខេត្តចុះទៅពិនិត្យ ស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយបញ្ហា នៅសាលាឃុំឆែប២ ដែលប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សានាព្រឹកនេះ។ តើជម្លោះនេះផ្តើមចេញពីក្រុមគ្រួសារខ្លួន បក្ខពួក ឬជាជម្លោះសមូហភាព ជាមួយក្រុមហ៊ុន? សូមបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមដោះស្រាយដោយសន្តិវិធី»។
ក្រោយពីទទួលបានបទបញ្ជានិងការណែនាំពីអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក មិន ស៉ីថា អភិបាលរងខេត្ត និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកឆែប ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅសាលាឃុំឆែបពីរ ករណីប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សាគ្នាជាមួយក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រស៊ីឈ្នួលឈូសសម្អាតដី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ការចុះសម្របសម្រួលនាពេលនេះ មានប្រជាពលរដ្ឋចំនួន១៥នាក់បានឡើងមកថ្លែងបង្ហាញអំពីទុក្ខកង្វល់ និងសំណូមពរដល់ក្រុមការងារខេត្តនូវចំណុចមួយចំនួនរួមមាន៖
១. សំណូមពរកុំឱ្យត្រាក់ទ័រចូលទៅឈូសឆាយលើដីអាស្រ័យផលរបស់គាត់ និងដីព្រៃរបោះផ្សេងៗទៀតក្នុងតំបន់នោះ។
២. សំណូមពរដល់អាជ្ញាធររក្សាទុកដីនៅតំបន់នោះទុកសម្រាប់ពួកគាត់ប្រើប្រាស់ និងចែកដល់កូនចៅដែលមិនមានដីសម្រាប់បង្កបង្កើនផល។
៣. ស្វែងរកមេក្លោងនៅពីក្រោយនៃការឈូសឆាយដីរបស់ពួកគាត់។
៤. ស្នើសុំឱ្យអ្នកដែលបានទិញដីក្នុងតំបន់នោះដកខ្លួនចេញ និងប្រគល់ដីជូនពួកគាត់វិញ។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក ក្រុមការងារខេត្តបានរកដំណោះស្រាយជូនពួកគាត់ដោយញែកករណីខាងលើនេះជា២ករណី៖
* ករណីទី១៖ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋដែលមានម៉ូតូ៣គ្រឿងរងការខូចខាត។
* ករណីទី២៖ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋមកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅមកទិញដីតំបន់នោះ។
ជាលទ្ធផលករណីទី១ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋម្ចាស់ម៉ូតូ៣គ្រឿង ដែលរងការខូចខាត ក្រុមការងារខេត្តបានសម្របសម្រួលដោះស្រាយបញ្ចប់ ដោយភាគីទាំងពីរបានឯកភាពទទួលយកការសម្រសម្រួល ដោយម្ចាស់ម៉ូតូទី១ និងម្ចាស់ម៉ូតូទី២ បានយកម៉ូតូទៅជុសជុលដោយខ្លួនឯង និងពុំមានការប្តឹងផ្តល់ ព្រោះការខូចខាតមានកម្រិតតិចតួច ហើយយល់ថាខ្លួនឯងមកតាមគេញុះញង់ដែលខ្លួនឯងពុំមានដីនៅភូមិណារ៉ុងនោះទេ។ ចំពោះភាគីម្ចាស់ម៉ូតូទី៣ ដែលត្រូវជាឪពុកមាម្ចាស់ត្រាក់ទ័រ ភាគីទាំង២បានឯកភាពគ្នា ដោយម្ចាស់ត្រាក់ទ័រត្រូវជាក្មួយ ព្រមទិញម៉ូតូដែលមានគុណភាពប្រហាក់ប្រហែលសងឪពុកមាវិញ។
ចំពោះករណីទី២ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋ មកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅ មកទិញដីតំបន់នោះ ក្រុមការងារសំណូមពរផ្អាកសកម្មភាពឈូសឆាយ និងរង់ចាំការសម្របសម្រួលដោះស្រាយបញ្ចប់ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋដែលពុំមានដីក្នុងភូមិណារ៉ុង (ទីតាំងជម្លោះ) ឱ្យដកខ្លួនចេញកុំជឿរតាមការញុះញង់បង្កឱ្យមានជម្លោះហិង្សា រីឯប្រជាពលរដ្ឋដែលមានដីនៅទីតាំងនោះពិតប្រាកដ សូមប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីតាមនីតីវិធីផងដែរ។
បើតាមការបញ្ជាក់របស់អាជ្ញាធរស្រុកឆែប នៅភូមិដងផ្លិតពុំមានសហគមជនជាតិដើមភាគតិចកួយឡើយ មានតែជនជាតិដើមភាគតិចកួយចំនួន៩គ្រួសារតែប៉ុណ្ណោះ ចំណែកឯទីតាំងដីជម្លោះនោះក៏ពុំមែនជាដីព្រៃអារុកអារក្ស ឬព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយនោះទេ ហើយក៏មិនមានការពាក់ព័ន្ធជាមួយលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារនោះដែរ អ្នកដែលមកទិញដីនៅតំបន់នេះ គឺជាប្រជាពលរដ្ឋមកពីតាមបណ្តាលខេត្តផ្សេងៗ។ដូច្នេះករណីដែលបង្ហោះតាមបណ្តាញសង្គមជាករណីទំនាស់រវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ពិសេសទំនាស់បងប្អូនឯង ពុំមែនដូចការផ្សាយរបស់វិទ្យុក្រៅស្រុកមួយក្នុងន័យញុះញង់នោះទេ ដោយឡែកអាជ្ញាធរស្រុកឆែបក៏បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីការចុះដោះស្រាយសម្របសម្រួលដោយក្រុមការងារខេត្តរួចមក៕