កម្ពុជា និងអាសែបៃស្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសលើសក្តានុពលក្នុងការជួយដល់វិស័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada. ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាសែបៃហ្សង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមឯកអគ្គរដ្ឋទូតអាសែបៃហ្សង់ បានបង្ហាញពីការចាប់អារម្មណ៏លើសក្តានុពលនៃកិច្ចសហប្រតិបត្តិ ការ ក្នុងវិស័យបរិស្ថាន និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងអាសែបៃហ្សង់។
ឯកឧត្តម Shovgi Mehdizada. បានសង្កេតឃើញនូវសក្តានុពលថ្មីៗបន្ថែមទៀត ដែលចូលរួមចណែក ដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងបរិស្ថាន។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានយល់ស្របចំពោះការវាយ តម្លៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះប្រទេសកម្ពុជា និងបានសំដែងនូវការគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម ចំពោះការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាសែបៃហ្សង់ ក្នុងវិស័យបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងយុទ្ធនការការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញនាពេលកន្លងមក បានបណ្តុះគំនិតឱ្យកុមារ ចេញពីសាលារៀន ឱ្យស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ ហើយតាមរយៈភាពស្អាត ដែលកំពុងទទួលបានគាំទ្រនាពេលបច្ចុប្បន្ននេះ នឹងធ្វើឱ្យផ្លូវស្អាត គ្មានសំរាម សំណល់ប្លាស្ទិក នៅក្នុងឆ្នាំ២០២៥។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញដែរថា ជាមួយការសម្អាតនៅលើដី ក្រសួងបរិស្ថាន បានដាក់ចេញឱ្យមានភាពស្អាតក្នុងទឹក និងយុទ្ធនាការធ្វើឱ្យខ្យល់ស្អាត ៕