ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យមេីលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ នៅភូមិចកលិច ឃុំ រហាត់ទឹក ស្រុកមង្គលបូរី ដែលកំពុងប្រឈមខ្វះខាតទឹក ដេីម្បីរកវិធីសាស្រ្ត ជួយអន្តរាគនមន៍ជូនបងប្អូនប្រជាកសិករ។
នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធ ខិតខំក្នុងការរិះរកគ្រប់មធ្យោបាយជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមជាមួយនឹងការខ្វះខាតទឹក តាមរយៈការបុកអណ្ដូងទឹកនៅតាមទីតាំងស្រែបងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមផែនការឆ្នាំកន្លងទៅទទួលបាមជោគជ័យ។ក្នុងនោះឯកឧត្ដម ក៏បានបន្ត ជម្រុញដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់ទៅលើការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ក្នុងនាមប្រមុខរដ្ឋាភិបាល ក៏មិនព្រងើយកន្តើយ នឹងខិតខំរកវិធីសាស្ត្រដើម្បីរកទឹកជូនដល់បងប្អូនប្រជាពលរដ្ឋទៅតាមលទ្ធភាព។ ហើយតាមការចុះពិនិត្យជាក់ស្ដែង ឃេីញថា គឺតំបន់ខាងលើ គឺមិនអាចជួយសង្គ្រោះបាននោះទេដោយសារឆ្ងាយពីប្រភពទឹក។
ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងរដូវប្រាំងនេះ បងប្អូនប្រជាពលរដ្ឋបានបង្កបង្កេីនផលស្រូវប្រាំង ផែនការប្រមាណ ២៥០០០ហិកតា ជាក់ស្តែងរាល់ឆ្នាំប្រជាកសិករធ្វេីលេីសផែនការ ដោយឆ្នាំនេះធ្វេីលេីសផែនការពី២,៥០០០ហិកតា ទៅជិត៨០,០០០ហិកតា ដែលនេះជាបញ្ហាដែលនាំឱ្យមានការខ្វះខាតទឹកសម្រាប់ស្រោចស្រព។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាក់ស្តែងនៅទូទាំងខេត្តមានស្រូវប៉ះពាល់ ប្រមាណជាង១៥០០ហិកតាជាងតែប៉ុណ្ណោះ ដែលមិនអាចជួយសង្គ្រោះបាន ក្រៅពីនោះអាចជួយសង្គ្រោះបាន ដែលមានប្រភពទឹកនៅជិត។ អ្វីដែលជាបញ្ហាប្រឈមខ្លាំង គឺស្រុកមង្គលបូរី ប្រមាណជាង១៤០០ហិកតា លេីឃុំចំនួន៤ មានឃុំបត់ត្រង់, រហាត់ទឹក, ចំណោម និងឃុំសឿ ដោយឡែកស្រកស្វាយចេក មានតិចតួច ដោយសារតំបន់នោះបងប្អូនប្រជាកសិករបង្កបង្កេីនផលនៅឆ្ងាយពីប្រភពទឹក។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ឆ្នាំកន្លងទៅខេត្តបានធ្វេីការបុកអណ្តូងទឹកដែលជាជម្រេីសចុងក្រោយជូនបងប្អូនប្រជាកសិករ ទទួលបានជោគជ័យ ហេីយឆ្នាំនេះក៏បានធ្វេីការបុកអណ្តូងជាបន្តបន្ទាប់នៅតាមទីតាំងដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង រហូតទៅដល់៧០ ទៅ៨០ម៉ែត្រ នៅតែមិនមានទឹក។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ជាវិធានការបន្តរដ្ឋបាលខេត្ដ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ នឹងធ្វើការលើកជាសំណេីរ ទៅរាជរដ្ឋាភិបាល ក្នុងការស្ដារប្រឡាយ ដើម្បីបានទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំបន្ទាប់។ ឯកឧត្តមអភិបាលខេត្ត ថាការខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារតែបងប្អូនប្រជាកសិករធ្វើជាលើកទីបី ដោយលេីកទីមួយ ពួកគាត់បានធ្វើការប្រមូលផលរួចហើយ លេីកទីពីរគឺត្រូវបានលិចទឹក លេីទីបី នេះគឺពួកគាត់ប្រឈមជាមួយនឹងការខ្វះខាតទឹកតែម្ដង ៕