ស្រ្តីម្នាក់ឈ្មោះកូយ ឡៃហ៊ាង ដែលជាមេខ្យល់នាំទៅពលករនៅប្រទេសកូរ៉េ បានរងការចោទប្រកាន់ថា បានធ្វើសកម្មភាពឆបោកមនុស្សនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ

ភ្នំពេញ ៖ ស្រ្តីម្នាក់ឈ្មោះកូយ ឡៃហ៊ាង ដែលជាមេខ្យល់នាំទៅពលករនៅប្រទេសកូរ៉េ បានរងការចោទប្រកាន់ថា បានធ្វើសកម្មភាពឆបោកមនុស្សនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសកូរ៉េ រាប់ពាន់នាក់ តាំងពីអំឡុងឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៥នេះ យកលុយបានរាប់លានដុល្លារ ហើយកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ។ នេះគឺជាការអះអាងប្រាប់ឲ្យដឹងពីសំណាក់ប្រជាពលរដ្ឋជាង១០នាក់ដែលជាអ្នករស់នៅក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកចាញ់បោកស្រ្តីឈ្មោះកូយ ឡៃហ៊ាង នោះអស់ប្រាក់ក្នុងម្នាក់រាប់ពាន់ដុល្លារ ។

ដោយឡែកនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋក៏បានលើកគ្នាពីខេត្តកំពង់ចាមមកជួបជុំគ្នានៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធនានាឲ្យជួយដល់ពួកគាត់ ក្រោយពួកគាត់ដឹងថាស្រ្តីនោះកំពុងលាក់ខ្លួននៅរាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋខាងលើបានសម្ដែងនូវការឈឺចាប់យ៉ាងខ្លាំង ពួកគាត់បានប្រាប់ឲ្យដឹងថា ស្រ្តីឈ្មោះកូយ ឡៃហ៊ាង អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០២អឺហ៊្សេរ៉ូ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជននេះគឺជាមេខ្យល់នាំពលករទៅធ្វើការនៅប្រទេសកូរ៉េ ហើយកាលពីអំឡុងឆ្នាំ២០១៨ មេខ្យល់រូបនេះបានប្រាបើពួកគាត់ថាទៅធ្វើការនៅប្រទេសកូរ៉េបានប្រាក់ខែខ្ពស់ណាស់ចាប់ពី២ពាន់ដុល្លារឡើងទៅក្នុង១ខែ ហើយមិនចាំបាច់ចេះភាសាកូរ៉េឬរៀនភាសាកូរ៉េ និងមិនឆ្លងកាត់ក្រសួងការងារ ក៏អាចទៅបានដែរ ហើយតម្រូវឲ្យពួកគាត់បង់ប្រាក់រត់ការឯកសារនិងសេវាផ្សេងៗក្នុងម្នាក់ចាប់ពី៣,៥០០ដុល្លារដល់៤,៥០០ ដុល្លារទៅតាមការងារដែលត្រូវទទួលបានប្រាក់ខែតិចឬច្រើន ។
ប្រជាពលរដ្ឋបានរៀបរាប់ប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះពួកគាត់កំពុងគ្មានការងារធ្វើផងមានការត្រេកអរខ្លាំងណាស់ ក៏បានខ្ចីប្រាក់ធនាគារយកទៅប្រគល់ឲ្យមេខ្យល់រូបនោះ ហើយជាង១០នាក់សរុបអស់ជាង៥០,០០០ដុល្លារ ដោយសង្ឃឹមថានិងបានទៅធ្វើការនៅប្រទេសកូរ៉េ តាមបំណងនិងតាមការធានាពីស្រ្តីជាមេខ្យល់ខាងលើនោះ ហើយពួកគាត់ដេកទន្ទឹងរង់ចាំនិងបន់ឲ្យតែដល់ថ្ងៃឡើងយន្តហោះប៉ុណ្ណោះ ។ ប៉ុន្តែដល់ពេលកំណត់ត្រូវឡើងយន្តហោះទៅប្រទេសកូរ៉េ ស្រាប់តែស្រ្តីឈ្មោះកូយ ឡៃហ៊ាង នោះប្រាប់ថាបាត់លិខិតឆ្លងដែនអស់ហើយ និងពន្យាពេលទៅថ្ងៃក្រោយ លុះដល់ពេលកំណត់ក្រោយមកទៀតប្រាប់ថាឆេះលិខិតឆ្លងដែនអស់ហើយ គឺរកលេសដោះសារម្ដងថាអញ្ចេះ ម្ដងថាអញ្ចុះ តែរហូត ដោយតាំងពីឆ្នាំ២០១៨មកទល់និងឆ្នាំ២០២៥នេះគឺអត់រហូត ហើយបានគេចវេសមិនព្រមជួបដោះស្រាយជាមួយពួកគាត់ឡើយ ។
ប្រជាពលរដ្ឋទាំងជាង១០នាក់នេះបានកាន់ឯកសារនិងរូបថតស្រ្តីឈ្មោះកូយ ឡៃហ៊ាងដែលជាមេខ្យល់ក្នុងដៃ ហើយនិយាយបន្តថា ដំបូងឡើយគាត់អត់បានដឹងថា ស្រ្តីនោះគឺជាជើងល្អខាងបោកប្រាស់បែបនេះនោះទេ ទើបជឿទុកចិត្ត ប៉ុន្តែក្រោយពីដឹងថាចាញ់បោកពួកគាត់ក៏បានធ្វើការស្រាវជ្រាវហើយបានដឹងថាស្រ្តីនេះបានបោកគេតាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ។ ដោយមានអ្នកចាញ់បោករាប់ពាន់នាក់គឺបោកទាំងអ្នននៅក្នុងប្រទេសកម្ពុជា និងបោកទាំងអ្នកនៅប្រទេសកូរ៉េថែមទៀត បានប្រាក់រាប់លានដុល្លារ រហូតមកដល់បច្ចុប្បន្ន ក៏នៅតែមានអ្នកចាញ់បោកជាបន្តបន្ទាប់ទៀត ។ ពួកគាត់បានអះអាងទៀតថា មុនដំបូងពួកគាត់ពុំដឹងថាស្រ្តីរូបនោះរស់នៅកន្លែងណាទេ លុះក្រោយមកទើបស្រាវជ្រាវដឹងថា ជនឆបោករូបនេះរស់នៅផ្ទះលេខ១០២អឺហ៊្សេរ៉ូ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកំពុងលាក់ខ្លួននៅក្នុងរាជធានីភ្នំពេញ ។ បន្ទាប់មកពួកគាត់ក៏បានដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោរួចហើយ ប្រសិនបើគ្មានចំណាត់ការទេ ពួកគាត់និងរៀបចំឯកសារបណ្ដឹងដាក់ចូលទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីជួយដល់ពួកគាត់បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង