ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ស្ដីពីការបូកសរុបលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ

ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលបន្ទុកនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ផ្ដោតលើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
(១). ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារសម្រេចបានប្រចាំខែរបស់ការិល័យជំនាញទាំង៤
(២). ដំណោះស្រាយលើបញ្ហាប្រឈម
(៣). និងលើកទិសដៅអនុវត្តការងារបន្ត។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ មានតួនាទីសំខាន់ណាស់ ក្នុងការសម្របសម្រួលផ្ដល់ព័ត៌មាន និងទទួលព័ត៌មានពីសមាជិក ប.ស.ស. ពីគ្រប់មជ្ឈដ្ឋាន រួមទាំងការផ្សព្វផ្សាយព័ត៌មាន ការធ្វើបទយកការណ៍ ការផលិតមាតិកាផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងការអនុវត្តរបបសន្តិសុខសង្គមជូនដល់សមាជិក ប.ស.ស. និងសាធារណជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករងទទួលបន្ទុក បានជំរុញបន្ថែមដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ត្រូវតែបន្ដអនុវត្ដការងាររបស់នាយកដ្ឋាន ដោយខិតខំពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ច្បាស់លាស់ ជាពិសេសត្រូវរក្សាឱ្យបានជាដាច់ខាតនូវការសាមគ្គីភាពផ្ទៃក្នុង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោក/ លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ប្រមាណជាង២០រូប ៕

អត្ថបទដែលជាប់ទាក់ទង