លោក ជិន ប៊ុនធឿន អំពាវនាវដល់យុវជនកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន អភិក្រមគុណធម៌ និងសីលធម៌

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី២៩ខែ មករា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយទិសដៅផែនការអនុវត្តបន្តរបស់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា។
កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពី នាយករងសាខា ប្រធាន អនុប្រធានការិយាល័យទាំង៥ មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខាខណ្ឌទាំង១៤ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១០៥នាក់។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក។
ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា ក៏ថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជំនះគ្រប់ឧបសគ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម, ការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត, ការលើកកម្ពស់សីលធម៌សង្គម, លើកកម្ពស់វប្បធម៌អហឹង្សា និងសន្តិភាព, លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះ, អប់រំផ្សព្វផ្សាយបន្សំខ្លួន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍ តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ/សង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះ, ធ្វើសកម្មភាពមិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត, ចល័តក្នុងសហគមន៍ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា។
លោកក៏ផ្តល់គោលគំនិតថ្មីៗដល់ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស ដើម្បីអនុវត្តផែនការការងារទទួលបានជោគជ័យ។
លោកនាយកសាខា ក៏ជំរុញលើកទឹកចិត្តឱ្យយុវជន នាឱកាសនៃទិវានៃក្ដីស្រលាញ់១៤កុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ សូមយកថ្ងៃដ៏ល្អនេះជាការចូលរួមសកម្មការងារមនុស្សធម៌ផ្សេងៗចូលរួមលើកកម្ពស់វប្បធម៌ អរិយធម៌ ប្រពៃណីជាតិ ពង្រីកចំណេះដឹងដោយសិក្សាបន្ថែមនូវបច្ចេកវិទ្យា ព័ត៌មានឌីជីថល និងភាសាបរទេស ឱ្យស្របតាមតម្រូវការងារទីផ្សារក្នុងប្រទេស និងសកលលោក ត្រូវចាំថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។
ជាចុងក្រោយ លោកនាយកប្រតិបត្តិសាខា ក៏បានអំពាវនាវដល់យុវជនកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន អភិក្រមគុណធម៌ និងសីលធម៌ ចៀសឲ្យឆ្ងាយពីអំពើអបាយមុខទាំងឡាយដែលនាំអាប់អោនកិត្តិយសខ្លួនឯង ក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង